ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១៥នាក់ និងរបួសជាង ១០០នាក់ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន។
គ្រោះធម្មជាតិដ៏អាក្រក់ដែលបានឆក់យកជីវិតមនុស្សជាង១០នាក់នេះ បានកើតឡើងនៅថ្ងៃចន្ទ ទី៨ ខែមិថុនា នេះ ដោយចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅសមុទ្រក្បែរកោះមិនដាណាវ (Mindanao) ភាគខាងត្បូង។ គ្រោះរញ្ជួយដីនេះបានបណ្តាលឱ្យបាក់ស្រុតអគារជាច្រើន និងបង្កើតឱ្យមានការព្រមានពីរលកស៊ូណាមិ (Tsunami) នៅទូទាំងតំបន់ផងដែរ។

អាជ្ញាធរហ្វីលីពីនបានជម្រុញឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរដែលរងផលប៉ះពាល់ ផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីការរញ្ជួយដីបានវាយប្រហារនៅប៉ែកខាងត្បូងទីក្រុង General Santos ដែលជាទីក្រុងមានប្រជាជនរស់នៅប្រមាណ ៧២០,០០០ (៧២ម៉ឺននាក់)។
យោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា បន្ទាប់ពីការរញ្ជួយដីលើកដំបូងបានកន្លងផុតទៅប្រហែលពីរម៉ោង មានការញ័ររញ្ជួយយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ (Aftershocks) បានកើតឡើង ដោយក្នុងនោះកម្រិតខ្លាំងបំផុតមានទំហំដល់ទៅ ៦.៥ រ៉ិចទ័រ។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គម និងត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញពីទិដ្ឋភាពមជ្ឈមណ្ឌលទិញទំនិញមួយកន្លែង ដែលមានហាងអាហារទាន់ចិត្ត Jollibee បានបាក់ស្រុតក្លាយជាគំនរភក់ជ្រាំនៅក្នុងទីក្រុង General Santos ហើយអគារសិក្សាមួយនៅក្នុងបរិវេណសាលាក្នុងតំបន់ក៏បានបាក់រលំផងដែរ។

នៅក្នុងវីដេអូនោះ គេអាចឮសំឡេងមនុស្សស្រែកទាំងភ័យខ្លាចថា៖ «ព្រះអើយ! វាបាក់ពិតមែន… អគារហ្នឹងបាក់ស្រុតចុះមកពិតមែន!» ខណៈដែលសំណង់អគារសាលារៀននោះបានដួលរលំ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបញ្ជាឱ្យមានការសង្គ្រោះបន្ទាន់ភ្លាមៗនៅលើកោះមិនដាណាវ (ដែលមានទំហំប៉ុនប្រទេសកូរ៉េខាងត្បូង) ដោយបានណែនាំដល់គ្រប់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឱ្យរៀបចំស្បៀងអាហារសង្គ្រោះ មជ្ឈមណ្ឌលជម្លៀសខ្លួន និងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ប្រតិបត្តិការជួយសង្គ្រោះដែលអាចកើតមាន។
លោកប្រធានាធិបតីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «រដ្ឋាភិបាលជាតិកំពុងចាត់វិធានការ ហើយយើងនឹងមិនបោះបង់កោះមិនដាណាវចោលនោះទេ»។
សូមបញ្ជាក់ជូនថា គ្រោះមហន្តរាយនេះបានកើតឡើងក្នុងរយៈពេល ៨ខែ បន្ទាប់ពីហ្វីលីពីនបានជួបប្រទះការរញ្ជួយដីដ៏សាហាវបំផុតក្នុងរយៈពេល ១២ឆ្នាំ កន្លងមក ដែលកាលនោះការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ នៅក្បែរកោះសេប៊ូ (Cebu) បានសម្លាប់មនុស្សអស់ ៧៩នាក់។ ពីរសប្តាហ៍ក្រោយមក កោះមិនដាណាវក៏ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិតធ្ងន់ពីរលើកទៀត ដោយលើកដែលខ្លាំងបំផុតមានកម្រិត ៧.៤ រ៉ិចទ័រ៕

