កំពង់ស្ពឺ៖ មនុស្ស ៣នាក់បានបាត់បង់ជីវិត និងក្មេងប្រុស ២នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ខណៈពេលកំពុងមានភ្លៀងធ្លាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១២ និង ៣០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ បានជួបគ្រោះថ្នាក់រន្ទះបាញ់ស្លាប់ភ្លាមៗ ខណៈកំពុងភ្ជួរស្រែ នៅភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។ ដោយឡែក ក្មេងប្រុស ២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ បន្ទាប់ពីរន្ទះបាញ់ ខណៈកំពុងអង្គុយក្រោមដើមឈើ។

ក្រៅពីគ្រោះថ្នាក់បណ្តាលដល់មនុស្សហើយ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ក៏បានបង្កការខូចខាតដល់លំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ ដោយរបើកដំបូល និងខូចខាតផ្នែកខ្លះៗ នៅភូមិក្រាំងក្ដី ឃុំមហាសាំង ស្រុកភ្នំស្រួច។

អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងចុះពិនិត្យ និងវាយតម្លៃទំហំនៃការខូចខាត ព្រមទាំងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.