ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះឆ្មក់ត្រួតពិនិត្យ និងពិន័យ យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៧គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ២៤តោន នៅ​ចំ​ណុច​ស្ថានីយជញ្ជីងកាំពី ស្ថានីយពុកឆ្មា ស្ថានីយព្រែកឯង ស្ថានីយភ្នំប្រុស-ភ្នំស្រី និងអនុស្ថានីយស្ទឹងត្រង់ ផ្លូវជាតិលេខ៧១C ខេត្តកំពង់ចាម ។

ការចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ធ្វើ​ឡើង​ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ឯកឧត្តម គឹម សាន់ អនុប្រធានក្រុមការងារ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសមាជិកក្រុមការងារចល័តចម្រុះ

ជាលទ្ធផល​បន្ទាប់​ពី​មាន​ការ​សហការជាមួយស្ថានីយជញ្ជីងកាំពី ស្ថានីយពុកឆ្មា ស្ថានីយព្រែកឯង ស្ថានីយភ្នំប្រុស-ភ្នំស្រី និងអនុស្ថានីយស្ទឹងត្រង់ ផ្លូវជាតិលេខ៧១C ខេត្តកំពង់ចាម បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន​លើសទម្ងន់កម្រិតកំណត់ និងពិន័យ សរុបចំនួន ៧គ្រឿង ដែលលើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ២៤តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។

ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕

Share.