ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងសហការជាមួយសារមន្ទីរ Shanxi នៃខេត្ត Shanxi សាធារណរដ្ឋប្រជាមានិតចិន រៀបចំការតាំងពិព័រណ៍វត្ថុសិល្បៈបុរាណខ្មែរ ក្រោមប្រធានបទ “អង្គរ និងសិល្បៈខ្មែរបុរាណ” (Angkor and the Art of Ancient Khmer) ដែលមានរយៈពេល៤ខែ ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៦។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅនេះ ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការ និងជាតំណាងប្រតិភូក្រសួង បានដឹកនាំក្រុមការងារជំនាញទៅពិនិត្យការរៀបចំដាក់តាំង និងត្រៀមសម្ពោធពិព័រណ៍នេះ។
ក្នុងពិព័រណ៍នេះ វត្ថុសិល្បៈខ្មែរដ៏ប្រណិតចំនួន ១៣៦វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សម័យក្រោយអង្គរ ត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ពីបណ្តុំប្រមូលរបស់សារមន្ទីរជាតិកម្ពុជា មកដាក់តាំងបង្ហាញជូនសាធារណជនចិន។

ការតាំងពិព័រណ៍នេះ គឺដើម្បីផ្សព្វផ្សាយ និងរំលេចនូវភាពរុងរឿងនៃអារ្យធម៌ និងសិល្បៈបុរាណខ្មែរ ដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ។ ព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពនៃទំនាក់ទំនងវប្បធម៌ដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងកម្ពុជា និងចិន ក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរដល់ប្រជាពលរដ្ឋចិន។

សូមជម្រាបថា តាមការវាយតម្លៃជាបឋមមតិ ពិព័រណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ដែលរួមចំណែកជំរុញឱ្យប្រជាជនចិនកាន់តែចង់ទៅទស្សនាប្រាសាទបុរាណខ្មែរផ្ទាល់នៅកម្ពុជាថែមទៀតផងដែរ៕

