បន្ទាយមានជ័យ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ក្រោយធ្វើសកម្មភាពប្រើកាំបិតសាមូរ៉ៃកាប់ជនរងគ្រោះ បណ្ដាលឱ្យស្លាប់ភ្លាមៗ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៤៥នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្ទះឈ្មោះ គិន រក្សា (ហៅ ឆ្មា) ភេទប្រុស អាយុ ២៦ឆ្នាំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ វឿន វិច្ឆិកា (ហៅ វិច) ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមជាមួយបក្ខពួកម្នាក់ទៀត បានជិះម៉ូតូដោយយកកាំបិតសាមូរ៉ៃ ១ដើម ទៅកាន់ទីតាំងកើតហេតុ។ ពេលទៅដល់ បានប្រទះឃើញជនរងគ្រោះឈ្មោះ កុល ចាន់ដារៀម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត កំពុងឈរនៅមុខផ្ទះ។

ភ្លាមៗនោះ ជនសង្ស័យបានចុះពីលើម៉ូតូ ហើយស្ទុះទៅកាប់ជនរងគ្រោះ ១កាំបិត ចំកញ្ចឹងក បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ មុននឹងជិះម៉ូតូគេចខ្លួនទៅទិសខាងលិច។ចំណែកជនរងគ្រោះ បន្ទាប់ពីរងការកាប់ បានព្យាយាមរត់ចេញពីកន្លែងកើតហេតុទៅទិសខាងកើតប្រមាណ ២០០ម៉ែត្រ ក៏ដួលសន្លប់ ហូរឈាមស្រោចពេញខ្លួន និងបានស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ ឪពុកបង្កើតរបស់ជនរងគ្រោះ ឈ្មោះ កុល ចាន់ដារ៉ា អាយុ ៤៩ឆ្នាំ បានដាក់ពាក្យបណ្ដឹងជូនសមត្ថកិច្ច ដើម្បីស្នើសុំស្រាវជ្រាវចាប់ខ្លួនជនល្មើស យកមកផ្ដន្ទាទោសតាមច្បាប់។

ក្រោយទទួលបានបទបញ្ជា និងការណែនាំពីថ្នាក់ដឹកនាំ នៅវេលាម៉ោង ១២:៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ វឿន វិច្ឆិកា នៅចំណុចមណ្ឌល៤ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដើម្បីនាំខ្លួនមកសាកសួរ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យឈ្មោះ វឿន វិច្ឆិកា និងបក្ខពួក មិនត្រឹមតែពាក់ព័ន្ធករណីឃាតកម្មខាងលើប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផងដែរ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកម្នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

អត្ថបទ÷ប៉ោយប៉ែត

Share.