កណ្ដាល៖ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅរោងទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់។

ជនសង្ស័យរួមមាន៖

  • យ៉ា ខលេត អាយុ ២៨ឆ្នាំ
  • យ៉ាន សាលីម អាយុ ៣០ឆ្នាំ
    (ទាំងពីរនាក់មានមុខរបរនេសាទ និងលទ្ធផលតេស្តវិជ្ជមានសារធាតុញៀន)

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៩កញ្ចប់ ទម្ងន់សរុប ៣,១៩ក្រាម ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

តាមការសារភាពរបស់ជនសង្ស័យ យ៉ា ខលេត បានឲ្យដឹងថា ថ្នាំញៀនចំនួន ៣កញ្ចប់ជារបស់ខ្លួន ដែលទិញពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅមាត់ទន្លេតាខ្មៅ ក្នុងតម្លៃ ៣០,០០០រៀល ដើម្បីយកមកប្រើប្រាស់។ ចំណែកថ្នាំញៀន ១៦កញ្ចប់ទៀត ដែលរកឃើញនៅក្រោមរោង មិនមែនជារបស់ពួកគេទាំងពីរនាក់ទេ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.