ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស ដោយបញ្ជាក់ថា សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់កាត់ឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងប្រទេសកម្ពុជា។

ក្រសួងបានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា តំបន់វាលទំនាបមួយចំនួន រួមមាន រាជធានីភ្នំពេញ និងបណ្តាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ និងកណ្តាល អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ៣០ភាគរយនៃផ្ទៃដី។

ដោយឡែក តំបន់ខ្ពង់រាប ដូចជា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ព្រមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងគ្របដណ្តប់ប្រមាណ៤៥ភាគរយនៃផ្ទៃដី។

សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ៤០ភាគរយនៃផ្ទៃដី ខណៈរលកសមុទ្រអាចមានកម្ពស់ពី០,៥០ម៉ែត្រ ដល់១,៥០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ដែលអាចកើតមាននៅក្នុងអំឡុងពេលនេះ៕

Share.