ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សមិទ្ធផលផ្នែកអប់រំថ្មីមួយទៀត គឺអគារសិក្សាចំនួន ២ខ្នង ស្មើនឹង ២០បន្ទប់ ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅវិទ្យាល័យប្រមូលព្រហ្ម ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

អគារសិក្សាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ, ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ហ៊ឺ ផានិន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច។

ការផ្តល់ជូននូវអគារសិក្សាថ្មីទាំង ២ខ្នងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ ក៏ដូចជាការជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកព្រះស្តេច ឱ្យមានកន្លែងរៀនសូត្រសមរម្យ ធំទូលាយ និងប្រកបដោយផាសុកភាព។

នៅក្នុងឱកាសនោះដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនៅតាមជនបទ៕

Share.