កម្លាំងជំនាញនៃអង្គភាពស៊ីម៉ាក់ បានបន្តបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមនានា ដែលបន្សល់ទុកដោយការឈ្លានពានរបស់កងទ័ពថៃ នៅតាមលំនៅឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងដីសេដ្ឋកិច្ចសង្គមក្នុងខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ប្រតិបត្តិការបោសសម្អាតនេះ មានគោលបំណងផ្តល់ក្តីសង្ឃឹម និងកសាងអនាគតរុងរឿងដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារសង្គ្រាមថៃឈ្លានពាន។
គួរបញ្ជាក់ថា ក្រោយថៃបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែកឈ្លានពានទឹកដីកម្ពុជា ក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ភូមិឋានប្រជាពលរដ្ឋតាមបណ្តោយព្រំដែនក្នុងខេត្តចំនួន៥ ដែលធ្លាប់មានសុវត្ថិភាព បានប្រែក្លាយទៅជាតំបន់មានហានិភ័យខ្ពស់ ដោយសារសំណល់អាវុធសង្គ្រាម ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។
ដោយឡែកយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋជាង ២០,០០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ នៅតែបន្តភៀសខ្លួន ពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។ ក្នុងនោះ ខេត្តឧត្តរមានជ័យ មានសាលារៀនចំនួន ៨ មិនទាន់អាចបើកដំណើរការឡើងវិញបាន និងមន្ទីរពេទ្យចំនួន ៥ នៅតែបន្តបិទទ្វារ។ របាយការណ៍ដដែលបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានសាលារៀនចំនួន ៥ នៅតែបិទទ្វារ និង មន្ទីរពេទ្យចំនួន ១ មិនទាន់អាចបើកដំណើរការឡើងវិញបាន។
សូមជម្រាបថា ប្រតិបត្តិការបោសសម្អាតសំណល់សង្គ្រាមនេះ បន្តធ្វើឡើងដោយអង្គភាពស៊ីម៉ាក់ ដើម្បីកម្ចាត់គ្រោះថ្នាក់ដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅរស់នៅប្រកបរបរចិញ្ចឹមជីវិតវិញប្រកបដោយសុវត្ថិភាព៕

