កណ្ដាល៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) មួយកន្លែង ស្ថិតនៅផ្ទះវីឡាក្នុងបុរីអាម៉ូរី ៧មករា ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ និងមានការចូលរួមពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាព។ក្នុងការចុះបង្ក្រាប សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃ ៩៦គ្រឿង កុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ៤គ្រឿង និងរថយន្តមួយគ្រឿង។

អាជ្ញាធរបានឱ្យដឹងថា ជនសង្ស័យទាំង ៩នាក់ ត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ខណៈការស្រាវជ្រាវបឋមបង្ហាញថា បណ្ដាញនេះអាចបានធ្វើសកម្មភាពឆបោកផ្ដោតទៅលើគោលដៅនៅប្រទេសចិន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងចាត់ការតាមផ្លូវច្បាប់។ ចំណែកទីតាំងវីឡាខាងលើ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន៕

អត្ថបទ÷កណ្តាល

Share.