ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាសហអធិបតីក្នុងកិច្ចប្រជុំស្តីពី «ការផ្តល់ព័ត៌មានទូទៅ និងសកម្មភាពត្រៀមរៀបចំព្រឹត្តការណ៍ “ភូមិហ្រ្វង់កូហ្វូន”» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត តំណាងបណ្តាប្រទេសនិយាយភាសាបារាំង ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបជាង ១០០រូប។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថា ឆ្នាំ២០២៦ គឺជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូន» មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសបង្ហាញ «ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី» ដល់ពិភពលោកផងដែរ។
ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថានឹងមានការចូលរួមពីប្រទេសសមាជិកជាង ៩០ប្រទេស និងមានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង ១០០,០០០នាក់។ «ភូមិហ្រ្វង់កូហ្វូន» (Village Francophone) នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ក្នុងនោះរួមមានទីតាំងសំខាន់ៗចំនួន ៦៖ ពន្លាជាតិ វេទិកាសិល្បៈប្រចាំថ្ងៃ កន្លែងសិក្ខាសាលា និងកិច្ចពិភាក្សា
ភូមិម្ហូបអាហារ តំបន់ពិព័រណ៍ផលិតផលកម្ពុជា និងមជ្ឈមណ្ឌលព័ត៌មាន។
សូមជម្រាបថា ព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏អស្ចារ្យនេះ នឹងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕

