ព្រៃវែង៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ពិធីសម្ពោធនេះ មានសមាសភាព អញ្ជើញចូលរួម រួមមាន៖ សមាជិកនៃគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ប្រធាន អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក គណៈកម្មាធិការគណបក្សក្រុង ស្រុក នៃខេត្តព្រៃវែង ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស៊ីធរកណ្ដាល គណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ ចំណុះស្រុកស៊ីធរ​កណ្ដាល សរុបចំនួនជាង ៥០០រូប។

ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងគណៈអធិបតី ព្រមទាំងភ្ញៀវកិត្តិយស បានអញ្ជើញផ្តល់កិត្តិយសកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សឃុំអំពិលក្រៅ។ នៅក្នុងកម្មវិធីនេះ គណៈអធិបតី និងភ្ញៀវកិត្តិយសក៏បានអញ្ជើញទស្សនាកម្រងរូបភាព និងវីដេអូស្តីពីសមិទ្ធផលសំខាន់ជាច្រើន ដែលសម្រេចចាប់តាំងពីខែមករា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន ក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

សមិទ្ធផលសំខាន់ៗចំនួន៣ ដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក បានសាងសង់រួច រួមមាន៖ (១) អគារសិក្សា ១ខ្នង – មាន៣បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សា ហ៊ុន សែន ឫស្សីសាញ់ ឃុំឫស្សីសាញ់ ដោយប្រើរយ:ពេល សាងសង់ជាង ៥ខែ ចាប់ពីខែវិច្ឆិកា ២០២៤ – ដល់ខែឧសភា ២០២៥ និងបានដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ (២) អគារសិក្សា ១ខ្នង – មាន​៥បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាចារ ឃុំរំលេច ដោយប្រើរយៈពេលសាងសង់ជាង ៧ខែ ចាប់ពីខែមីនា ២០២៥ – ដល់ខែតុលា ២០២៥ និងបានដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ និង (៣) ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិលក្រៅ ដែលទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះមាន អគារធំ១ខ្នង (ទំហំ ៣០x៣០ម៉ែត្រ – មានសាលប្រជុំធំ១ សាលប្រជុំតូច១ និងបន្ទប់ធ្វើការចំនួន២) និងអគារតូច១ខ្នង (ទំហំ ១០x១៧ម៉ែត្រ – មានផ្ទះបាយ១ ឃ្លាំងផ្ទុកសម្ភារៈ១ បន្ទប់ទឹកបុរសនារី១)។

ដោយឡែក សមិទ្ធផលដែលកំពុងសាងសង់ មានចំនួន៣ រួមមាន (១) អគារសាលាមត្តេយ្យស្តង់ដា – ស្ថិតក្នុងសាលាបឋមសិក្សាពោធិ៍ទី (ឃុំពោធិ៍ទី) ចំនួន១ខ្នង មាន៥បន្ទប់ (ទំហំ ៣៣x១១ម៉ែត្រ) បានបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ (២) អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជ្រៃឃ្មុំ ចំនួន១ខ្នង (ទំហំ ១៦x៩ម៉ែត្រ) បានបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ និង (៣) មជ្ឈមណ្ឌល ស សុខា ស៊ីធរកណ្ដាល ស្ថិតនៅជាប់ខាងក្រោយទីស្នាក់ការគណបក្សស្រុកស៊ីធរកណ្តាល ដែលរួមមានអគារចំនួន៣គឺ អគាររដ្ឋបាល-បណ្ណាល័យ១ខ្នង (មាន៣បន្ទប់) អគារសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ១ខ្នង (មាន៥បន្ទប់) និងអគារកីឡា-ទីតាំងជួបជុំ១ខ្នង (ទំហំ ៣៩x១៨ម៉ែត្រ) ដែលគ្រោងបញ្ចុះបឋមសិលាសាងសង់នៅចុងខែសីហា ឆ្នាំ២០២៦ នេះ។

បន្ទាប់ពីបញ្ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញចុះហត្ថលេខាលើក្រាំងមាស ដើម្បីទុកជាសក្ខីភាពសម្រាប់ទីស្នាក់ការគណបក្សឃុំអំពិលក្រៅ ដែលមានទីតាំងស្ថិតនៅភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រគល់លិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរជូនដល់ក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សស្រុក ព្រមទាំងឃុំ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការងារបក្ស នាពេលកន្លងមក៕

Share.