នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្រុងកំពត និងខេត្តកែប ឯកឧត្តម ស សុខា បានបន្តស្កាត់ឆៀងចូលទៅកាន់ឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីសួរសុខទុក្ខ និងឈ្វេងយល់អំពីជីវភាពការងារប្រចាំថ្ងៃរបស់មន្រ្តីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក និងនៅសាលាឃុំឈូក។ នេះបើយោងតាមការ​បង្ហោះ​របស់​ផេក​ឯកឧត្តម​ អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការចូលទៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលឈូកលើក​នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ទទួលព័ត៌មានអំពីប្រភពមូលដ្ឋានដែលមានសារធាតុញៀនលក់ យកមកប្រើប្រាស់ក្នុងឃុំឈូក តម្រូវការសន្លឹកសៀវភៅស្នាក់នៅ សេវាអត្តសញ្ញាណបណ្ណ តម្រូវការម៉ូតូប្រដេញបទល្មើស កន្លែងស្នាក់នៅរបស់មន្រ្តី ព្រមទាំងសំណូមពរ និងទស្សនៈដែលមន្រ្តីចង់ចូលរួមពង្រឹងកិច្ចការប៉ុស្តិ៍។

ទន្ទឹម​នឹង​ការ​ចូលសំណេះសំណាល​នេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​សម្ដែង​នូវ​ការ​ចូលរួម​​អបអរសាទរអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋឃុំឈូកទាំងមូល ដែលទើបទទួលបានមន្រ្តីនគរបាលជាតិ ២រូប ជាកូនចៅអ្នក​ឃុំ​ឈូក​នេះផ្ទាល់ មកបំពេញការងារនៅប៉ុស្តិ៍នគរបាលឃុំ។ នេះជាផ្លែផ្កានៃកំណែទម្រង់ប៉ុស្តិ៍នគរបាល ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាថ្នាចង់បាន។

ក្រោយ​ចេញពីប៉ុស្តិ៍នគរបាល ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តហួសចូលទៅជួបលោកអ៊ំមេឃុំ សមាជិកក្រុមប្រឹក្សា និងស្មៀនឃុំឈូក។ ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម បានមានប្រសាសន៍​លើក​សរសើរ​ ដើម្បី​ផ្ដល់ការលើកទឹកចិត្តចំពោះទិដ្ឋភាពជាក់ស្ដែងនៅរដ្ឋបាលសាលាឃុំ ដែលទីធ្លាខាងក្រៅ និងកន្លែងបំពេញការងារខាងក្នុង មានសោភ័ណភាព និងរបៀបរៀបរយល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាន​ទទួលស្ដាប់​និង​បាន​ដឹង​ព័ត៌មានល្អៗមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃដែលសាលាឃុំបម្រើសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ក្នុងនោះក៏រួមទាំងសក្ដានុពល និងបញ្ហាប្រឈមក្នុងការងារបម្រើសេវានៅយន្តការច្រកចេញចូលតែមួយឃុំដែរ។ ព័ត៌មានទាំងនេះ គឺជាធាតុចូលដ៏សំខាន់ សម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ជាតិ៕

https://troryorng.com/
Share.