នាពេលថ្មីៗនេះ រោងចក្រ Canon Hi-Tech (Thailand) ក្នុងខេត្តនគររាជសីមា បានបិទប្រកាសខ្សែចង្វាក់ផលិតកម្មទាំងស្រុងហើយ។ ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាការបិទទ្វាររោងចក្រធម្មតានោះទេ ប៉ុន្តែវាត្រូវបានគេមើលឃើញថាជា «ការកាត់ផ្តាច់» មូលដ្ឋានផលិតកម្មម៉ាស៊ីនបោះពុម្ពកម្រិតសកលដ៏សំខាន់បំផុតមួយ ដែលធ្លាប់ផលិតផលជាង ១០០ លានគ្រឿងចេញពីទឹកដីភាគឦសាននៃប្រទេសថៃ។

សារព័ត៌មានថៃបានផ្សាយថា ការចាកចេញរបស់ក្រុមហ៊ុនយក្សជប៉ុននេះ ស្មើនឹងខ្ទប់ដង្ហើមឧស្សាហកម្មចេញពីតំបន់ភាគឦសាន ដែលធ្លាប់ជាដង្ហើមសេដ្ឋកិច្ច និងជាប្រភពបង្កើតការងារដ៏ធំធេង។ នេះគឺជាតថភាពនៃសញ្ញាអាសន្ន ដែលឆ្លុះបញ្ចាំងពីការប្រែប្រួលយ៉ាងគំហុកនៃភូមិសាស្ត្រសេដ្ឋកិច្ចពិភពលោក។
សារព័ត៌មានថៃបន្តផ្សាយថា ការសម្រេចចិត្តដកខ្លួនរបស់ Canon ទៅកាន់ខេត្តអាយុធ្យា មិនមែនជាការធានាឡើងវិញនូវដង្ហើមសេដ្ឋកិច្ចនោះទេ ផ្ទុយទៅវិញគឺដើម្បីបង្រួមអំណាចផលិតកម្ម កាត់បន្ថយថ្លៃដើមឱ្យនៅកម្រិតទាបបំផុត។ នេះបង្ហាញថា មូលដ្ឋានវិនិយោគចាស់ៗ លែងមានភាពទាក់ទាញផ្នែកសេដ្ឋកិច្ចគ្រប់គ្រាន់ ដើម្បីតស៊ូនៅលើទីផ្សារអន្តរជាតិ។
គួររំឭកដែរថា ក្រុមហ៊ុន Canon Hi-Tech (Thailand) Co., Ltd. របស់ជប៉ុន ធ្លាប់បានប្រកាសវិនិយោគចំនួន ៥ ពាន់លានបាត ដើម្បីសាងសង់រោងចក្រផលិតម៉ាស៊ីនព្រីនធឺរ ដែលបានចាប់ដំណើរការនៅខែតុលា ឆ្នាំ២០១១។ អស់រយៈពេលជាង ១៥ ឆ្នាំ រោងចក្រនេះបានដើរតួនាទីសំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ Canon ។
ខណៈពេលដែលទ្វាររោងចក្រត្រូវបិទជិត សំណួរដ៏ស្រួចស្រាលកំពុងចោទឡើងថា ក្នុងបរិបទនៃការប្រកួតប្រជែង FDI ជាការវិនិយោគផ្ទាល់ពីបរទេស ដ៏អាក្រក់នាពេលបច្ចុប្បន្ន តើមានអ្នកវិនិយោគទុនថ្មីណាខ្លះ ដែលមានលទ្ធភាព និងមានចិត្តចង់ចូលមកបំពេញចន្លោះប្រហោងរបស់ក្រុមហ៊ុនយក្សដែលបានដកថយមួយនេះ?
បច្ចុប្បន្នអាជ្ញាធរខេត្តនគររាជសីមា កំពុងប្រកាសស្វែងរកវិធានការទាក់ទាញវិនិយោគិនថ្មី ដើម្បីសម្រួលដល់បញ្ហាការងាររបស់កម្មករអតីតរោងចក្រ Canon ដែលនៅសល់រាប់ពាន់នាក់។ តែទោះជាយ៉ាងណា ក្រុមអ្នកសង្កេតការណ៍ជាច្រើន នៅតែមានក្តីបារម្ភថា ប្រហែលជាគ្មានក្រុមហ៊ុនណាមួយអាចបំពេញចន្លោះប្រហោងដ៏ធំនេះបានឡើយ យ៉ាងហោចណាស់ក៏ត្រូវចាយពេលនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត៕

