ក្នុងរយៈពេលចុងក្រោយនេះ វិធានការក្តៅ និងយុទ្ធនាការរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្វែងរក ទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំចូលសាច់បង្កកខុសច្បាប់ ឬសាច់បង្កកគ្មានគុណភាព បាននិងកំពុងបង្កើតជាផលវិជ្ជមានជាដុំកំភួនមួយដល់សេដ្ឋកិច្ចមូលដ្ឋាន។ វិធានការច្បាប់ដ៏តឹងរ៉ឹងនេះ មិនត្រឹមតែជាខែលការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាកម្លាំងចលកររុញច្រានឱ្យតម្រូវការសាច់ស្រស់នៅក្នុងស្រុកហក់ឡើងខ្ពស់ និងបើកផ្លូវឱ្យវិស័យចិញ្ចឹមសត្វដកដង្ហើមបានវែងឡើងវិញ។
យុទ្ធនាការបង្ក្រាបសាច់បង្កកនេះ លែងជាការព្រមានតាមក្រដាសទៀតហើយ ប៉ុន្តែត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ មកទល់ពេលនេះ សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការបង្ក្រាបទីតាំងស្តុកសាច់បង្កក និងឃ្លាំងទំនិញខុសច្បាប់បានសរុបចំនួន ៣៣ ទីតាំងហើយទូទាំងប្រទេស។ យុទ្ធនាការទ្រង់ទ្រាយធំនេះ បានដកហូតសាច់បង្កកខុសច្បាប់ និងខូចគុណភាពយកទៅបំផ្លាញចោលបានចំនួនសរុបជាង ២២០ តោន។
តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ បង្ហាញពីទំហំនៃការលបលួចធ្វើអាជីវកម្មដែលគ្មានការទទួលខុសត្រូវ និងជាភស្តុតាងនៃការកាត់ផ្តាច់ឫសគល់នៃទំនិញខូចគុណភាព ដែលធ្លាប់តែលបលួចវាយលុក និងបង្កផលប៉ះពាល់ដល់ទីផ្សារសាច់ស្រស់ និងសុខភាពសាធារណៈកន្លងមក។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកចិញ្ចឹមសត្វក្នុងស្រុក ទាំងខ្នាតតូច ខ្នាតមធ្យម និងខ្នាតកសិដ្ឋានធំៗ បានរងការវាយប្រហារយ៉ាងដំណំពីការវាយលុកនៃសាច់បង្កកនាំចូលដែលមានតម្លៃថោកខុសធម្មតា។ សាច់បង្កកដែលលបលួចនាំចូលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ មិនត្រឹមតែបង្កហានិភ័យសុខភាពប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឱ្យតម្លៃសាច់ស្រស់ក្នុងស្រុកដួលរលំ ដោយសារតែមិនអាចប្រកួតប្រជែងតម្លៃបាន។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មកទល់ពេលនេះមានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧ ក្រុមហ៊ុន ក្នុងនោះមានការកើនឡើងនៃក្រុមហ៊ុនថ្មីចំនួន ៥ បន្ថែមទៀត។ អ្នកជំនាញយល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចគួរតែរឹតបន្តឹងការនាំចូលសាច់បង្កកហើយងាកពង្រឹងនៅក្នុងវិស័យចិញ្ចឹមក្នុងស្រុក ដើម្បីលើកស្ទួយដល់ជីវភាពកសិករ។
ទោះជាយ៉ាងណា នៅពេលដែលយុទ្ធនាការបង្ក្រាបសាច់ង្កកត្រូវបានធ្វើឡើងដូចភ្លៀងរលឹម លទ្ធផលបានចេញជាផ្លែផ្កាភ្លាមៗគឺការកាត់បន្ថយការផ្គត់ផ្គង់សាច់បង្កកខុសច្បាប់នៅលើទីផ្សារ ដែលបង្ខំឱ្យដេប៉ូចែកចាយ ភោជនីយដ្ឋាន និងអ្នកប្រើប្រាស់ ត្រូវងាកមកស្វែងរកសាច់ស្រស់ដែលផលិតនៅក្នុងស្រុកជំនួសវិញ។
សូមជម្រាបថា ការបង្ក្រាបបាន ៣៣ ទីតាំង និងការដកហូតសាច់ជាង ២២០ តោននេះ មិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃរបត់ថ្មីមួយសម្រាប់វិស័យកសិកម្មខ្មែរ។ ដើម្បីឱ្យនិន្នាការកាន់តែមានភាពវិជ្ជមានបន្តទៅមុខទៀតនោះ ប្រព័ន្ធគ្រប់គ្រងការនាំចូលនៅតាមច្រកព្រំដែនត្រូវតែពង្រឹងឱ្យបានដាច់ខាត និងជាប្រចាំ ដើម្បីបង្ការកុំឱ្យសាច់ខូចគុណភាពទាំងនោះមានឱកាសត្រឡប់មកវិញ។
ទន្ទឹមនឹងនេះ រដ្ឋ និងវិស័យឯកជនត្រូវសហការគ្នាក្នុងការជួយកសិករលើផ្នែកបច្ចេកទេស កាត់បន្ថយថ្លៃដើមផលិតកម្មដូចជាតម្លៃចំណី និងថ្នាំសត្វ ដើម្បីធានាថា ខណៈពេលដែលតម្រូវការសាច់ស្រស់កើនឡើង ការផ្គត់ផ្គង់ក្នុងស្រុកក៏មានភាពរហ័សរហួន គ្រប់គ្រាន់ និងមានតម្លៃមួយដែលយុត្តិធម៌ទាំងសម្រាប់អ្នកចិញ្ចឹម និងអ្នកប្រើប្រាស់៕

