ភ្នំពេញ៖ ពិធីបិទជាផ្លូវការនៃ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ត្រូវបានប្រារព្ធឡើងយ៉ាងជោគជ័យ កាល​ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានអ្នកចូលរួមសរុបជិត ១០ ម៉ឺននាក់នៅទូទាំងប្រទេស។

ផ្អែកលើប្រសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តោតលើគុណភាពជាចម្បង និងចៀសវាងករណីរៀនលេងៗ ឯកឧត្តមរដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដូចខាងក្រោម៖

ការធ្វើបដិវត្តកម្មនៅតាមគ្រឹះស្ថាន TVET

  • ទំនើបកម្មជំនាញ៖ បញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ទៅក្នុងកម្មវិធីបណ្តុះបណ្តាល។
  • ការនាំជំនាញទៅរកអ្នកសិក្សា៖ ធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន។
  • គាំទ្រពលករ៖ ផ្ដល់ការបណ្ដុះបណ្ដាល និងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃ ដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

យុទ្ធសាស្ត្រគន្លងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលយុវជនក្រីក្រ

  • អគ្គនាយកដ្ឋាន TVET ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត «គន្លងវិជ្ជាជីវៈ» ឱ្យទទួលបានជោគជ័យ ចាប់ពីឆ្នាំសិក្សា ២០base៥-២០២៦ នេះតទៅ។
  • បន្តជំរុញការបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យសម្រេចបានគ្រប់ចំនួន ១,៥ លាននាក់ ដោយផ្អែកលើគុណភាពជាចម្បង។

ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)

  • ស្នើឱ្យវិស័យឯកជនបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន តាមរយៈការបង្កើនឱកាសចុះកម្មសិក្សា និងហ្វឹកហ្វឺនកូនជាង ដើម្បីផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងខ្សែច្រវាក់ផលិតកម្មជាក់ស្ដែង។

លោកស្រី ស៊ាវយាន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) បានគូសបញ្ជាក់ថា ជំនាញ TVET គឺជា «ទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ» ដ៏សំខាន់ក្នុងការកសាងអនាគតកម្ពុជា តាមរយៈការបង្កើតការងារសមរម្យ និងប្រាក់ចំណូលប្រកបដោយចីរភាព ឆ្លើយតបទៅនឹងទីផ្សារការងារឌីជីថល ដោយមិនទុកនរណាម្នាក់ចោលឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណជូនដល់ម្ចាស់សហគ្រាស គ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមចំណែកកសាងមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅរកចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Share.