ប្រជាពលរដ្ឋចំនួន ៣១១ គ្រួសារ មកពីភូមិចំនួនចំនួន៥ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានធុងចម្រោះទឹកស្អាត និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅ និងលើកកម្ពស់សុខុមាលភាពគ្រួសារនៅតាមមូលដ្ឋាន។

ពិធីសំណេះសំណាល និងប្រគល់អំណោយនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ឈឹម សៅគី អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន។ ធុងចម្រោះទឹកស្អាត និងសម្ភារប្រើប្រាស់ទាំងអស់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន ៥ ក្នុងឃុំតាំងក្រសាំង។
ក្នុងឱកាសនោះ តំណាងក្រុមការងារបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីថ្នាក់ដឹកនាំ និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយទុក្ខលំបាក និងឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខសន្តិភាព ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនានា៕






