រដ្ឋមន្ត្រីក្រសួងអប់រំអះអាងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ និងប្រកបដោយភាពរលូន។ បេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញកិច្ចការប្រឡងតាមមុខវិជ្ជានីមួយៗដោយទំនុកចិត្តខ្ពស់ ខណៈដែលបរិយាកាសទាំងក្នុង និងក្រៅបន្ទប់ប្រឡងមានភាពស្ងប់ស្ងាត់ល្អ គ្មានការរំខាន ដែលបញ្ជាក់ពីកិច្ចសហការ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ។

សម្រាប់ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ វិញ្ញាសាដែលត្រូវប្រឡង រួមមាន៖

ថ្នាក់វិទ្យាសាស្ត្រសង្គម ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ប្រវត្តិវិទ្យា (៩០នាទី) ។

ដោយឡែក ថ្នាក់វិទ្យាសាស្ត្រ ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ៨៖៣០នាទី ប្រវត្តិវិទ្យា (៦០នាទី) និង ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០នាទី មុខវិជ្ជា ជីវវិទ្យា (៩០នាទី) ។

សូមជម្រាបថា មានបេក្ខជនសរុបចំនួន ១៥១,២៣៨ នាក់ ក្នុងនោះមានស្រីចំនួន ៨៤,៧៣៥ នាក់ បានចុះឈ្មោះចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦។

ក្នុងចំណោមបេក្ខជនចុះឈ្មោះសរុបជាង ១៥ ម៉ឺននាក់នោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧,៤៤៥ នាក់ (ស្រី ២២,១៩៣ នាក់) ខណៈដែលបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួនរហូតដល់ ១១៣,៧៩៣ នាក់ (ស្រី ៥២,៥៤២ នាក់)។

ក្រសួងបានរៀបចំមណ្ឌលប្រឡងសំណេរចំនួន ២៤៤ មណ្ឌល ត្រូវជា ៦,១០៤ បន្ទប់ នៅទូទាំងប្រទេស ដោយក្នុងមួយបន្ទប់មានបេក្ខជនចំនួន ២៥ នាក់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់បេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ ក្នុងនោះ មណ្ឌលថ្នាក់វិទ្យាសាស្ត្រមានចំនួន ៦៨ មណ្ឌល ត្រូវជា ១,៥២៦ បន្ទប់។ ចំណែកឯមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៧៦ មណ្ឌល ត្រូវជា ៤,៥៧៨ បន្ទប់ និងមណ្ឌលកំណែវិញ្ញាសារមានចំនួន ១០ មណ្ឌល ស្ថិតក្នុងរាជធានីភ្នំពេញ៕

Share.