ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង និងស្ថាប័នរដ្ឋ។




ពិធីនេះបានប្រព្រឹត្តទៅនៅ សាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ គ្រឹះស្ថានសិក្សា អ្នកសង្កេតការណ៍សាធារណជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។




យោងតាមរបាយការណ៍របស់ឯកឧត្តម វន សុវណ្ណារី ការចូលរួមរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត គឺជាផ្នែកសំខាន់ក្នុងការធានាតម្លាភាព និងពង្រឹងទំនុកចិត្តសាធារណៈលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ៥៨លើកកន្លងមក មានសាធារណជនចុះឈ្មោះស្នើសុំធ្វើជាអ្នកសង្កេតការណ៍សរុប ៩,៣៤២នាក់ ក្នុងនោះស្ត្រីមាន ៥,៤៩២នាក់ ស្មើនឹង ៥៩ភាគរយ។
ជាចុងក្រោយ មានអ្នកសង្កេតការណ៍សាធារណជនចំនួន ៧៥៣នាក់ ត្រូវបានជ្រើសរើសឱ្យចូលរួមសង្កេតការណ៍ដោយផ្ទាល់។
ក្រៅពីនេះ ក៏មានអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៥៣៤នាក់ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន ២៣អង្គភាព ព្រមទាំងអ្នកសង្កេតការណ៍តំណាង ស.ស.យ.ក. ចំនួន ៧៤០នាក់ ដែលបានចូលរួមទាំងក្នុងតួនាទីសង្កេតការណ៍ និងជួយសម្របសម្រួលដំណើរការប្រឡង។


ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អ្នកសង្កេតការណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យដំណើរការជ្រើសរើសមន្ត្រីរាជការស៊ីវិលកាន់តែមានគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមទិសដៅកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

