លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមមហាសនិ្នបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសចូលរួមមហាសន្និបាតនេះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។

ជាការឆ្លើយតប ឯកឧត្តមអគ្គនាយកអង្គការយូណេស្កូ បានបង្ហាញពីតួនាទីនិងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូ ក្នុងការប្រើប្រាស់វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ជាស្ពានសម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។
ជាមួយគ្នានេះ កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ស្របតាមគោលការណ៍នៃអនុសញ្ញាឆ្នាំ២០០៣។ លើសពីនេះ លោកជំទាវបណ្ឌិតសភាចារ្យ និងឯកឧត្តមអគ្គនាយក ក៏បានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ អំពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គការយូណេស្កូ ផងដែរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានពិភាក្សាអំពីផែនការដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Khaled El-Enany មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ នឹងក្លាយជាឱកាសដ៏សំខាន់ក្នុងការរំលេចសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមកនេះ៕

