ព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុតក្នុងការបណ្តុះបណ្តាល និងកសាងកុមារឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង សីលធម៌ សក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនានៃប្រទេសជាតិទៅថ្ងៃអនាគត។

ការលើកឡើងនេះ បានធ្វើឡើងនាឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយ លោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សាស្ដង់ដារចំនួន ២ខ្នង (ស្មើនឹង ៨បន្ទប់) នៅសាលាបឋមសិក្សារកាកូនសាត់ និងសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

ក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា អគារសិក្សាថ្មីទាំងពីរខ្នងនេះ នឹងរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់គុណភាពនៃការអប់រំកុមារតូចនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍វឌ្ឍនភាពរីកចម្រើនជាបន្តបន្ទាប់នៅក្នុងខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹង ជំនាញ ដល់សិស្សានុសិស្សអស់ពីសមត្ថភាព។

ដោយឡែក ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានក្រើនរំលឹក និងអំពាវនាវដល់ មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដោយធ្វើយ៉ាងណាកុំបណ្តោយឱ្យកុមារបោះបង់ការសិក្សា ឬគេចសាលារៀនឱ្យសោះ ចៀសវាងកុំឱ្យពួកគេប្រព្រឹត្តអំពើមិនល្អឬអាចឈានទៅប្រព្រឹត្តបទល្មើសក្នុងសង្គម៕

Share.