ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅក្នុងផ្លូវក្រោមដី ដែលជាគម្រោងកំពុងសាងសង់ដោយក្រុមហ៊ុនរថភ្លើងរដ្ឋនៃប្រទេសថៃ (SRT) សម្រាប់ខ្សែរថភ្លើងពីស្រុកដេនឆៃ ខេត្តភែ ទៅបញ្ចប់នៅស្រុកឈៀងខង ខេត្តឈៀងរ៉ាយ ជាប់ព្រំដែនថៃ-ឡាវ ដែលមានចម្ងាយសរុប ៣២៣,៦ គីឡូម៉ែត្រ។

បន្ទាប់ពីមានការចោះជម្លុះភ្នំដើម្បីធ្វើជាផ្លូវក្រោមដីតភ្ជាប់ផ្លូវក្នុងចម្ងាយផ្លូវ ៣,៤ គីឡូម៉ែត្រ។ ស្រាប់តែនៅពេលដែលក្រុមជាងបានចូលទៅដំឡើងឧបករណ៍ ដែលគេសន្មតថាជាប្រព័ន្ធភ្លើងបំភ្លឺត្រង់ចំណុចមួយនៅក្នុងរូង ស្រាប់តែមានផ្នែកមួយនៃឧបករណ៍ដែលកំពុងដំឡើងនោះ បានធ្លាក់ចុះមកសង្កត់លើក្រុមជាង ដែលនៅលើរចនាសម្ព័ន្ធដែកធ្វើជាម៉ាស៊ីនរន្ទាទ្រទ្រង់នៅក្នុងរូងនោះ។ តាមរបាយការណ៍មានអ្នកបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗចំនួន ២ នាក់ និងមានអ្នករងរបួសធ្ងន់ធ្ងរចំនួន ៣នាក់ទៀត។

នៅចំណុចកើតហេតុ គេពិនិត្យឃើញថា ការចោះភ្នំត្រូវបានធ្វើរួចរាល់ និងមានភាពរឹងមាំល្អហើយ ដោយមានការបាញ់បេតុងទៅលើជញ្ជាំង និងមានការដំឡើងធ្នឹមដែកជាម៉ាស៊ីនរន្ទាវែងបន្តបន្ទាប់គ្នានៅខាងក្នុង។ នៅផ្នែកខាងលើធ្នឹមដែក គឺជាឧបករណ៍ដែលមានលក្ខណៈជាសរសៃលោហៈធ្ងន់ ដោយមានទ្រង់ទ្រាយជាស៊ុមលោហៈដែកផ្សារភ្ជាប់គ្នាជារង្វង់។ ក្នុងអំឡុងពេលកើតហេតុ លោហៈរង្វង់នោះបានធ្លាក់ចុះមកសង្កត់លើរាងកាយរបស់អ្នករងគ្រោះ រហូតជាប់ណែនទៅនឹងធ្នឹមដែកខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះអង្គហេតុពិតប្រាកដនៃឧបទ្ទវហេតុនេះ មន្ត្រីនគរបាល ក្រុមហ៊ុនរថភ្លើងរដ្ឋ និងក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធ នឹងធ្វើការស៊ើបអង្កេតយ៉ាងលម្អិតបន្តទៀត។







សូមជម្រាបជូនថា គណៈរដ្ឋមន្ត្រីថៃបានមតិអនុម័តកាលពីថ្ងៃទី ៣១ កក្កដា ២០១៨ ឱ្យក្រុមហ៊ុនរថភ្លើងរដ្ឋធ្វើការសាងសង់ ក្រោមថវិកាចំនួន ៨៥,៣៤៥ លានបាត ក្នុងរយៈពេលអនុវត្តគម្រោង ៧ ឆ្នាំ ដោយរំពឹងថានឹងបញ្ចប់រួចរាល់ និងអាចបើកបម្រើសេវាកម្មបាននៅក្នុងខែមករា ឆ្នាំ ២០២៨។ ក្នុងគម្រោងនេះ នឹងមានរូបផ្លូវក្រោមដីស្រាប់រថភ្លើងរត់ចំនួន ៤ កន្លែង ហើយរូងដែលវែងជាងគេបំផុតនៅក្នុងប្រទេសថៃ គឺរូបងាវ ខេត្តលំប៉ាង ដែលមានប្រវែង ៦,២៤ គីឡូម៉ែត្រ៕

