បាត់ដំបង÷ រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍តាំងបង្ហាញផ្លែឈើប្រចាំឆ្នាំ ២០២៦ មានរយ:ពេល ១០ថ្ងៃដើម្បីបង្កលក្ខណៈដល់កសិករ និងទាក់ទាញភ្ញៀវទេសចរ។

នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំ និងសម្រេចត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ ២០២៦ទៅតាមការព្រៀងទុកក្រោមក្ដីរំពឹងថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយជោគជ័យ ហើយនឹងបានជាប្រយោជន៍ដល់បងប្អូនប្រជាកសិករអ្នកដាំដុះ និងមានអ្នកចូលរួមដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបានអះអាងថា÷ ព្រឹត្តិការណ៍ផ្លែឈើនេះប្រព្រឹត្តិទៅក្នុងរយៈពេល ១០ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦ខាងមុខ។

តាមរយ:បទពិសោធន៍កន្លងមកព្រឹត្តិការណ៍តាំងបង្ហាញផ្លែឈើប្រចាំឆ្នាំនេះដែរត្រូវតែរៀបចំឡើងឱ្យមានលក្ខណៈថ្មី ប្លែក អធិកអធមមានភាពទាក់ទាញជាងឆ្នាំមុនអមដោយការដង្ហែជាក្បួនផ្លែឈើសម្រាប់ថ្ងៃបើកព្រឹត្តិការណ៍ ក្នុងនោះក៏មានកម្មវិធីប៊ូហ្វេទុរេនរយៈពេល ៣ថ្ងៃផងដែររៀបចំឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេន ពិសេសទុរេនសំឡូតមាសដ៏ផ្អែមឆ្ងាញ់ជាទុរេនធម្មជាតិ ១០០%ដាំដុះលើទឹកដីខេត្តបាត់ដំបងផ្ទាល់។

ឯកឧត្តមបញ្ជាក់បន្ថែមថា÷ ព្រឹត្តិការណ៍ខាងលើក៏ផ្តោតសំខាន់បង្ហាញដល់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់ឲ្យចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបង វាក៏បានបង្កលក្ខណៈឱ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើមកពីបណ្តាស្រុក ក្រុងទាំង ១៤ បាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានស្គាល់ ភ្លក្សរសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុក លើសពីនេះបានទាក់ទាញភ្ញៀវទេសចរចូលមកកាន់តែច្រើនថែមទៀតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕

អត្ថបទ÷ ដំបងក្រញូង

Share.