សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តបន្ទាយមានជ័យ ដែលមានចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក. ថ្នាក់ដឹកនាំគណៈកម្មាធិការ អ.ន.ក.ខេត្ត លេខាធិការដ្ឋាន អ.ន.ក.ក្រុង ស្រុក សាខា អ.ន.ក.ឃុំ-សង្កាត់ លោក លោកស្រី ប្រធាន មន្ត្រីមន្ទីរ-អង្គភាពនានាជុំវិញខេត្ត។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានអ.ន.ក. បន្ទាយមានជ័យ ធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ថា ដោយសារតែមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ក៏ដូចជាក្រុមការងារលេខាធិការដ្ឋាននៅតាមថ្នាក់នីមួយៗមានការកែសម្រួលជាថ្មី និងស្របពេលដែលសមាគមពង្រីកវិសាលភាពនៃការងារបញ្ចូលនិវត្តជនតាមក្រសួង-ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្តចូលជាសមាជិកភាពសមាគម ទើបថ្នាក់ដឹកនាំសមាគមចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ អ.ន.ក.ថ្នាក់កណ្ដាល ចុះមកធ្វើការបណ្តុះបណ្ដាល និងពង្រឹងសមត្ថភាពការងារសមាគមក្នុងបរិបថ និងរចនាសម្ព័ន្ធថ្មី ជាពិសេសគឺបណ្តុះបណ្តាលបំប៉នការងារដ្ឋបាល ពាក់ព័ន្ធ ការបញ្ចូលសមាជិកសមាគម និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. សំដៅធ្វើយ៉ាងណាឱ្យថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាន អ.ន.ក. គ្រប់ជាន់ថ្នាក់ក្នុងខេត្តបានយល់ច្បាស់ ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ទៀតថា កាលពីមុន អ.ន.ក. តាមថ្នាក់នីមួយៗគឺគ្រប់គ្រងសមាជិកសមាគមតែលើអតីតយុទ្ធជន និងគ្រួសារប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះតទៅ គឺយើងត្រូវគ្រប់គ្រងស្ថិតិ បញ្ជីឈ្មោះ ក៏ដូចជាការចុះជួបដោយផ្ទាល់ដល់គេហដ្ឋានរបស់សមាជិកសមាគមមានទាំងអតីតយុទ្ធជន និងនិវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលផងដែរ។ ក្នុងន័យនេះដើម្បីងាយស្រួលក្នុងការអនុវត្តការងារ ងាយស្រួលក្នុងការគ្រប់គ្រងសមាជិក ក៏ដូចជាការដឹងសុខទុក្ខរបស់សមាជិកនៅថ្នាក់របស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ គណៈអចិន្ត្រៃយ៍ អ.ន.ក. សូមធ្វើណែនាំដល់គណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក. ឃុំ សង្កាត់ ទាំងអស់ត្រូវចុះធ្វើស្រង់ទិន្នន័យសមាជិកសមាគម ទាំងអតីតយុទ្ធជន និងនិវត្តជន ដើម្បីចងក្រងធ្វើជាសៀវភៅសម្រាប់តម្កល់នៅថ្នាក់ឃុំចំនួន ១ក្បាល, ថ្នាក់ក្រុង ស្រុកចំនួន១ក្បាល, ថ្នាក់ខេត្តចំនួន ១ក្បាល និងនៅគណៈអចិន្ត្រៃយ៍ អ.ន.ក. ចំនួន ១ក្បាល ដើម្បីងាយស្រួលទំនាក់ទំនងជាមួយសមាជិក។

ជាចុងក្រោយ ឯកឧត្តម អ៊ុក ឃ្នួច សូមស្នើឱ្យថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក. គ្រប់ថ្នាក់ទាំងអស់ត្រូវខិតខំស្តាប់ការធ្វើបទបង្ហាញ និងលើកពីបញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តការងារសមាគមកន្លងមក ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗពីគ្រូឧទ្ទេសបន្ថែមទៀត ដើម្បីអនុវត្តការងារសមាគមកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕







