បាងកក៖ ភាពខ្មៅងងឹត ការឆបោក កំពុងគ្របដណ្ដប់ពេញក្នុង​សង្គម ប្រៀបដូចជា​ដំបៅមហារីករុំសួតដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ​ស្លូតត្រង់​ត្រូវរស់ត្រដរខ្យល់​ ដូច​ថ្មីៗ​នេះ​ករណី​នៃ​អំពើឆបោក​ជា​ប្រព័ន្ធដែល​ធ្វើ​ឱ្យ​អ្នក​មាន​មុខ​មាត់​ តារា និង​បណ្ដា​អ្នក​មានឥទ្ធិពល​មួយចំនួនធំនៅប្រទេសថៃត្រូវខាត​បង់សរុបទឹក​​ប្រាក់រាប់លានដុល្លារ។
ករណី​ដែល​កំពុងតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ផ្ទុះ​ចេញ​មតិរិះគន់ពេញក្នុង​សង្គមថៃ​នា​ខណៈ​នេះ គឺនៅក្រោយ​ពេល​ដែល​អតីតម្ចាស់មកុដបវរកញ្ញាម្នាក់​បានសម្រេចចិត្តចេញមុខបកអាក្រាតទាំងទឹកភ្នែក ជុំវិញល្បិចកលដ៏កខ្វក់របស់ក្រុមមេខ្យល់អនឡាញ ដែលបានបោកប្រាស់បឺតជញ្ជក់ប្រាក់សន្សំរបស់នាងអស់រហូតដល់ទៅជាង ៧០លានបាត (ប្រមាណជាង ២លានដុល្លារអាមេរិក)។

កាលពីថ្មីៗនេះ កញ្ញា ធារាយ៉ាផា វិជិតម៉ានីវ៉ាត (Teerayapha Wijitmaneewat) ឬហៅក្រៅថា «ភេត» បានធ្វើដំណើរទៅកាន់នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ក្នុងទីក្រុងបាងកក ភ្លាមៗបន្ទាប់ពីសមត្ថកិច្ចបានបើកប្រតិបត្តិការវាយឆ្មក់បង្ក្រាបសម្បុកចោរបច្ចេកវិទ្យា។ កញ្ញា ភេត បានលាតត្រដាងពីខ្សែស្រឡាយឆបោកដែលមានប្រព័ន្ធចាត់តាំងច្បាស់លាស់ ដោយនាងបានរៀបរាប់ថា៖ នៅពេលដែលខ្ញុំចាប់ផ្តើមជួញដូរ និងរកប្រាក់ចំណេញបាន ក្រុមមេខ្យល់ថោកទាបទាំងនោះ បានលួចប្តូរលេខកូដសម្ងាត់គណនីរបស់ខ្ញុំជាសម្ងាត់ និងកាត់ផ្តាច់ប្រព័ន្ធភ្លាមៗ ដើម្បីបង្កកមិនឱ្យខ្ញុំដកប្រាក់ រួចក៏បណ្តោយឱ្យគណនីនោះគាំងខូចតែម្តង។

ជនរងគ្រោះបានសង្កត់ធ្ងន់ទាំងឈឺចាប់ថា នាងត្រូវបានក្រុមចោរទាំងនេះ បោកស៊ីដាច់ប្រាក់តាមរបៀបដដែលៗជាង ២០ដងមកហើយ ដោយក្នុងមួយគណនីៗ ត្រូវអស់ប្រាក់ពី ២ម៉ឺន ទៅ ៣ម៉ឺនដុល្លារ។

សង្គមដែល​កំពុងតែបែកបាក់សាមគ្គីនៅក្នុង​ប្រទេសថៃ មិន​ត្រឹម​តែ​មិន​អាណិតជនរងគ្រោះ​ដែល​ត្រូវ​បាត់​បង់​ប្រាក់ តែបែរជា​មានមតិ ដៀមដាមតាមបណ្តាញសង្គមបែបអគតិថា នាងអស់ទ្រព្យដោយសារតែល្ងង់ ឬលេងចាញ់ខ្លួនឯងទៅវិញ យ៉ាងណាមិញអតីតបវរកញ្ញារូបនេះបានតបតវិញភ្លាមៗថា នាងមានភស្តុតាងច្បាស់លាស់ ផ្អែកលើការប្រែប្រួលខុសប្រក្រតីនៃក្រាហ្វិកតម្លៃ ដែលក្រុមមេខ្យល់បានលួចកែបន្លំដើម្បីបោកបញ្ឆោតស៊ីដាច់លុយ ហើយនាងក៏បានប្រគល់ភស្តុតាងទាំងនេះជូនសមត្ថកិច្ចរួចរាល់ហើយដែរ។

ដើម្បីជាបទពិសោធន៍សម្រាប់​មនុស្ស​ទូទៅ នាងបានប្រៀបធៀបប្រព័ន្ធឆបោកនេះថា មិនខុសពីល្បែងស៊ីសងស្រូបឈាម ដែលបង្កើតឡើងដើម្បីបំផ្លាញអ្នកវិនិយោគ និងបង្ក​ឱ្យ​ខូចខាត​ថវិកា​ទ្រទ្រង់​សេដ្ឋកិច្ចរបស់​ជាតិ​។

ជាចុងក្រោយ និង​ជាសារដាស់តឿន អតីតបវរកញ្ញារូបនេះបានសារភាពថា សម្ពាធនៃការបាត់បង់ទ្រព្យសម្បត្តិមហាសាលនេះ ធ្លាប់ធ្វើឱ្យនាងធ្លាក់ទឹកចិត្តខ្លាំងរហូតដល់គិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯង។ ប៉ុន្តែពេលនេះ នាងបានប្រមូលសតិ និងប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងតស៊ូតាមផ្លូវច្បាប់ឱ្យដល់ទីបំផុត ដើម្បីវែកមុខកំទេចក្រុមចោរស៊ីកម្លាំងញើសឈាមទាំងនេះ និងស្តារកេរ្តិ៍ឈ្មោះ ក៏ដូចជាឆាកជីវិតរបស់នាងឡើងវិញ៕

ប្រភព៖ The Thaiger

Share.