នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខាធិការរងប្រចាំការនៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាអគ្គលេខាធិការនៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន VECONAC 2026 ក្នុងនាមជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជាប្រធាន VECONAC 2026 បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការការងារលើកទី៧ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC 2026 តាមប្រព័ន្ធនិម្មិត ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ និងរបាយការណ៍នៃកិច្ចប្រជុំគណៈកម្មការការងារកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា សម្រាប់មហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន VECONAC 2026 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនាខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។  

កិច្ចប្រជុំថ្ងៃនេះមានការចូលរួមពីប្រធានគណៈប្រតិភូ និងតំណាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាសមាជិកទាំង១០ប្រទេស ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នៃលេខាធិការដ្ឋាន VECONAC-CAMBODIA 2026 នៅសាលប្រជុំនៃទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន ប្រធាននៃអង្គប្រជុំបានអញ្ជើញថ្លែងសុន្ទរកថាបើកនៃកិច្ចប្រជុំ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ជាប្រធាន VECONAC 2026 មានកិត្តិយសសូមសម្តែងនូវការគោរព និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូបណ្តាប្រទេសជាសមាជិក VECONAC ទាំងអស់ ដែលចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៧ តាមប្រព័ន្ធនិម្មិតនាពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន ថ្លែងបន្តថា បើទោះបីជាមិនមានការជួបជុំដោយផ្ទាល់ក៏ដោយ កិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះនឹងផ្តល់ឱ្យយើងនូវមធ្យោបាយទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីជំរុញការរៀបចំរួមគ្នាសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥។

ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍យ៉ាងមុតមាំថា ការចូលរួមក្នុងកិច្ចប្រជុំនេះនាពេលនេះ គឺជាការលើកទឹកចិត្ត ការឯកភាពគ្នា និងការធានាបាននូវលទ្ធផលជោគជ័យនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី២៥ នាពេលខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមជឿជាក់ថា ការខិតខំប្រឹងប្រែងរួមគ្នារបស់យើងនាពេលនេះ កិច្ចប្រជុំគណៈកម្មាការការងារលើកទី៧ នឹងទទួលបាននូវលទ្ធផលប្រកបដោយផលិតភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម គីម សុផារុន ប្រធានគណៈកម្មាធិការការបរទេស នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាអគ្គលេខាធិការ VECONAC 2026 បានក្នុងអង្គប្រជុំថា កិច្ចប្រជុំនៅថ្ងៃនេះត្រូវបានធ្វើឡើងប្រកបដោយការស្ថាបនា ការប្រមូលធាតុចូល និងអនុសាសន៍ដ៏មានតម្លៃស្របតាមរបៀបវារៈ ដែលជាលទ្ធផលនៃអង្គប្រជុំបានអនុម័តលើសេចក្តីព្រាង និងរបៀបវារៈសំខាន់ៗ មានដូចជា៖ កម្មវិធី និងរបៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨, កម្មវិធី និងរបៀបវារៈបណ្តោះអាសន្ននៃកិច្ចប្រជុំគណៈកម្មការការងារលើកទី៣៨ និងមហាសន្និបាតលើកទី២៥, កម្មវិធីសម្រាប់ស្វាមី-ភរិយារបស់គណៈប្រតិភូ, កម្មវិធីបណ្តោះសាសន្ននៃវេទិកាធុរកិច្ចលើកទី៣។

មានប្រសាសន៍ក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះការប្តេជ្ញាចិត្តដ៏មុតមាំសម្រាប់ការចូលរួមចំណែក និងការចំណាយពេលវេលាដ៏មានតម្លៃចំពោះកិច្ចប្រជុំនេះ។

ជាការគួរកយត់សម្គាល់ កិច្ចប្រជុំគណៈកម្មការការងារលើកទី៧ នាពេលនេះ បានប្រព្រឹត្តទៅដោយរលូន មានភាពរីករាយ គោរពគ្នាទៅវិញទៅមក ក្នុងស្មារតីភាពរឹងមាំជាភារតភាព ដែលបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនូវស្មារតីយូរអង្វែងរបស់ VECONAC ដោយទទួលបានមោទនភាព និងលទ្ធផលល្អប្រសើរដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការបង្កើនប្រសិទ្ធិភាព និងភាពជោគជ័យបន្ថែមទៀតនៃកិច្ចប្រជុំគណៈក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតលើកទី៣៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកដែលគ្រោងធ្វើឡើងនៅ ខែតុលា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ៕

Share.