តើអ្នកធ្លាប់ទទួលការហៅទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណ ដែលអះអាងថាជាបុគ្គលិកធនាគារ ហើយប្រាប់ថាគណនីរបស់អ្នកមានបញ្ហាដែរឬទេ?

ដើម្បីជាចំណេះដឹង ថ្ងៃនេះសារព័ត៌មានត្រយង សូមលើកយកអត្ថបទខ្លីមួយ ចេញផ្សាយដោយក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចែករំលែកអំពីល្បិច «ឆបោកតាមទូរសព្ទ» Vishing (Voice Phishing) ដែលជនល្មើសក្លែងខ្លួនជាបុគ្គលិកធនាគារ សមត្ថកិច្ច ឬសាច់ញាតិ ក្នុងគោលបំណងឆបោកយកប្រាក់ ឬព័ត៌មានសម្ងាត់ និងវិធីសាស្ត្រការពារដូចតទៅ៖
ល្បិចបោកប្រាស់ទូទៅដែលជនល្មើសប្រើមានដូចជា៖
-ក្លែងជាបុគ្គលិកធនាគារ អះអាងថាគណនីរបស់អ្នកមានបញ្ហា ឬថាអ្នកឈ្នះរង្វាន់ ឬទទួលបានអត្ថប្រយោជន៍ពិសេស។
-ក្លែងជាសមាជិកគ្រួសារ ឬមិត្តភក្តិ អះអាងថាជួបគ្រោះថ្នាក់ចរាចរណ៍សុំខ្ចីលុយជាបន្ទាន់។
-ក្លែងជាក្រុមហ៊ុនដឹកជញ្ជូន ទាមទារឱ្យបង់ប្រាក់ពន្ធ ឬថ្លៃសេវាបន្ថែមដើម្បីទទួលទំនិញ
-ប្រើបច្ចេកវិទ្យា AI Voice Cloning បន្លំសំឡេងមនុស្សដែលអ្នកស្គាល់ឱ្យស្រដៀងនឹងសំឡេងពិត
»វិធីសាស្ត្រការពារខ្លួន៖
-កុំជឿលេខទូរសព្ទដែលបង្ហាញលើអេក្រង់ ព្រោះជនល្មើសអាចក្លែងបន្លំលេខទូរសព្ទ (Caller ID Spoofing) ។
-ហាមផ្តល់ព័ត៌មានសម្ងាត់ជាពិសេសលេខកូដ OTP លេខសម្ងាត់ ឬលេខកាតធនាគារតាមទូរសព្ទ។
-គប្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជាមុន បើមានការសង្ស័យជាការក្លែងបន្លំ ត្រូវចុចបិទ រួចទាក់ទងទៅលេខទូរសព្ទផ្លូវការរបស់ស្ថាប័ន ឬសាមីខ្លួនដោយផ្ទាល់
បញ្ជាក់ ការឆបោកតាមទូរសព្ទ គឺជាល្បិចបោកប្រាស់មួយប្រភេទដែលជនល្មើសធ្វើការហៅទូរសព្ទទៅកាន់ជនរងគ្រោះ ដោយក្លែងខ្លួនជាបុគ្គលិកធនាគារ សមត្ថកិច្ច ក្រុមហ៊ុនដឹកជញ្ជូន ឬសាច់ញាតិ/មិត្តភក្តិ ក្នុងគោលបំណងឆបោកយកប្រាក់ ឬលួចយកព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន៕


