បាត់ដំបង÷ ពីរសប្តាហ៍ដើមខែមិថុនាឆ្នាំនេះភ្ញៀវទេសចរមកពីតំបន់ផ្សេងៗចូលលំហែកាយនៅតំបន់កម្សាន្ត និងចម្ការទុរេនក្នុងស្រុកសំឡូតជិត ៥ម៉ឺននាក់។

មន្ត្រីមន្ទីរទេសចេណ៍ខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់នៅចុងសប្តាហ៍កន្លងមកនេះថា÷ នៅរដូវកាលផ្លែឈើទុំមានសាវម៉ាវ ផ្លែទុរេ ឬប័របានហុចផល ភូមិសាស្ត្រស្រុកសំឡូត កាន់តែបង្កើនខ្ពស់នូវសក្តានុពលថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនគ្រប់ទិសទីឲ្យចូលទស្សនាលេងកម្សាន្ត។

នៅរដូវកាលចំពោះមុខនេះ ពិសេសរៀងរាល់ថ្ងៃចុងសប្តាហ៍ ថ្ងៃបុណ្យជាដើម មានរថយន្តរបស់ភ្ញៀវទេសចរបានសម្រុកចូលលេងក្នុងតំបន់ទេសចរណ៍ក្នុងស្រុកសំឡូតយ៉ាងច្រើនជាប់រដឹក។ ចម្ការសាវម៉ាវ ចម្ការទុរេនកំពុងទុំក្នុងទំហំផ្ទៃដីច្រើនរយហិកតា អមទិដ្ឋភាពព្រៃភ្នំ ជ្រលងដងអូរក៏បានផ្តល់បទពិសោធន៍ជាច្រើនទៀតដល់ភ្ញៀវទេសចរ រួមទាំងបានភ្លក់រស់ជាតិសាវម៉ាវ និងទុរេនសំឡូតមាសប័រធម្មជាតិយ៉ាងឆ្ងាញ់ពិសារផងដែរ។

លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបន្ថែមថា÷ រយ:ពេល ១៥ថ្ងៃ គិតចាប់តាំងពីដើមខែមិថុនា កន្លងមកស្រុកសំឡូតបានទទួលភ្ញៀវទេសចរក្នុង និងក្រៅខេត្តចំនួន ៤៩ ២៧១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ៧១២នាក់។ បច្ចុប្បន្នខេត្តបាត់ដំបង មានតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍សរុបចំនួន ១១៥កន្លែង៕

អត្ថបទ: ដំបងក្រញូង

