តាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានអំពាវនាវ និងក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងមិនត្រូវពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជាដាច់ខាត ដោយបញ្ជាក់ថា មន្ត្រីណាដែលត្រូវរកឃើញថាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវប្រឈមមុខនឹងវិធានការវិន័យធ្ងន់ធ្ងរ រហូតដល់ការលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ដោយគ្មានការលើកលែង។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាប្រមាណជិត ២០០នាក់ នៅបរិវេណសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
លោក វ៉ី សំណាង បានបញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀននេះ គឺជាការអនុវត្តតាម បទបញ្ជាលេខ ០១ ប.ប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានគោលបំណងធានាឱ្យមន្ត្រីរាជការក្លាយជាគំរូល្អក្នុងសង្គម និងចូលរួមកសាងរដ្ឋបាលសាធារណៈប្រកបដោយតម្លាភាព វិន័យ និងប្រសិទ្ធភាព។

ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត លោកអភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តអនុវត្តវិធានការត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីក្រោមឱវាទឱ្យបានជាប្រចាំ និងម៉ឺងម៉ាត់បំផុត ដោយមិនត្រូវមានការយោគយល់ ឬការលើកលែងចំពោះអ្នកប្រព្រឹត្តខុសឡើយ។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់មន្ត្រីរាជការទាំងអស់ឱ្យរួមគ្នាបដិសេធគ្រឿងញៀន និងចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនទៅកាន់ក្រុមគ្រួសារ និងសហគមន៍ ព្រោះគ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតរបស់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ដល់គ្រួសារ សង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

អត្ថបទ៖កណ្តាល

