ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រៀមចូលរួមពានរង្វាន់បាល់ទាត់នារី AFF Women’s Cup ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី នាខែកក្កដា ខាងមុខក្រោយបានឃើញសមាសភាពដៃគូដែលត្រៀមប៉ះគ្នានៅវគ្គជម្រុះក្នុងពូល ។

ក្រុមនារីកម្ពុជា គឺស្ថិតនៅពូល B ជាមួយក្រុមឥណ្ឌូណេស៊ី និងទីម័រខាងកើត ខណៈពូល A មានម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។

កម្មវិធីប្រកួតរបស់ក្រុមនារីកម្ពុជា ៖
- នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា ប៉ះ ទីម័រខាងកើត វេលាម៉ោង ៤:៤៥នាទី នៅកីឡដ្ឋាន Kuala Lumpur Football Stadium
- ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឥណ្ឌូណេស៊ី ប៉ះ កម្ពុជា វេលាម៉ោង ៤:៤៥នាទី នៅកីឡដ្ឋាន UITM Stadium

ចំពោះរូបមន្តប្រកួតគឺ ក្រុមចំនួន៦ ដែលស្ថិតនៅ២ពូលផ្សេងគ្នា ត្រូវប្រកួតចំនួន២ប្រកួតក្នុងពូលរៀងខ្លួន។ ក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ទាំង២ពូល នឹងបន្តប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

ចំពោះក្រុមដែលកំពុងរងចាំវគ្គចែកពូលជុំផ្តាច់ព្រ័ត្រ ពានរង្វាន់ ASEAN Women’s Championship 2027 រួមមាន៖ ក្រុមនារី ថៃ, វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា និងអូស្ត្រាលី។
សូមជម្រាបថាការប្រកួតពានរង្វាន់បាល់ទាត់នារី AFF Women’s Cup ឆ្នាំ២០២៦ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេសុី៕

