ការប្រកួត​កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី លើកទី៣ (Malaysian Ambassador’s Football Shield 2026) ឆ្នាំ២០២៦ បានធ្វើពិធីចាប់ឆ្នោត និងប្រជុំបច្ចេកទេសសម្រាប់ការប្រកួតរួចរាល់ នារសៀល​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅស្ថានទូតម៉ាឡេស៊ី។


ព្រឹត្តិការណ៍នេះ នឹងប្រមូលផ្តុំអ្នកចូលរួម អ្នកគាំទ្រ និងភាគីពាក់ព័ន្ធទាំងមកពីក្រុមហ៊ុនម៉ាឡេស៊ី ក្រុមហ៊ុនកម្ពុជា ស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យ និងអង្គភាពអាជីវកម្មនានា ឆ្លុះបញ្ចាំងពីបណ្តាញទំនាក់ទំនងដ៏រឹងមាំ និងកំពុងពង្រីកខ្លួនរវាងប្រទេសទាំងពីរ។ បាល់ទាត់ដណ្តើមពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី (MAFS) ឆ្នាំ ២០២៦ គឺជាគំនិតផ្តួចផ្តើមរបស់ស្ថានឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅភ្នំពេញ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងម៉ាឡេស៊ី-កម្ពុជា តាមរយៈឌីប្លូម៉ាស៊ីកីឡា។

ប្រកួតកីឡាបាល់ទាត់ ដែល​រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅភ្នំពេញ នេះនឹងមានក្រុមចូលរួមចំនួន ២៤ ក្រុម ដោយប្រកួតក្នុងទម្រង់បាល់ទាត់បុរស ៦នាក់ម្នាក់ (6-a-side) ដែលរួមមានវគ្គចែកពូល និងវគ្គជម្រុះ។ ការប្រកួតនឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ រាជធានីភ្នំពេញ។

ការប្រកួតនេះបង្ហាញពីរបៀបដែលកីឡាអាចដើរតួជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងម៉ាឡេស៊ី និងកម្ពុជា។ ការរៀបចំនៅឆ្នាំ ២០២៦ នេះ មានការចូលរួមពី ២៤ ក្រុម ដែលតំណាងឱ្យក្រុមហ៊ុនម៉ាឡេស៊ី ក្រុមហ៊ុនកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុ សាកលវិទ្យាល័យ និងស្ថាប័នរដ្ឋាភិបាល។


លើសពីកីឡាបាល់ទាត់ MAFS ដើរតួជាវេទិកាតភ្ជាប់បណ្តាញ ដែលពង្រឹងទំនាក់ទំនងក្នុងចំណោមវិនិយោគិនម៉ាឡេស៊ី ដៃគូកម្ពុជា និងអាជីវកម្មក្នុងតំបន់ដែលកំពុងដំណើរការនៅកម្ពុជា។ ព្រឹត្តិការណ៍នេះបង្កើតឱកាសសម្រាប់ការចូលរួម កិច្ចសហការ និងការកសាងទំនាក់ទំនងនៅក្រៅបរិបទអាជីវកម្មផ្លូវការ។ វាក៏ផ្តល់ឱកាសផងដែរសម្រាប់ក្រុមហ៊ុននានាក្នុងការជួយពង្រឹងភាពជាដៃគូដែលមានស្រាប់ ព្រមទាំងស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ។

សម្រាប់​ប្រាក់​រង្វាន់​ ក្នុង​ការប្រកួត​កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកអគ្គរាជទូតម៉ាឡេស៊ី លើទី៣ ឆ្នាំ២០២៦ រួម​មាន៖

* ជើងឯក (Champion) – ១,២០០ ដុល្លារអាមេរិក
* ជើងឯករង (Runner-Up) – ១,០០០ ដុល្លារអាមេរិក
* លេខ៣ (Second Runner-Up) – ៨០០ ដុល្លារអាមេរិក

ការប្រកួតនេះក៏នឹងត្រូវ​ជ្រើសរើសកីឡាករឆ្នើម តាមរយៈពានរង្វាន់សម្រាប់ «កីឡាករល្អបំផុត» (Best Player) «អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ» (Top Scorer) និង «អ្នកចាំទីល្អបំផុត» (Best Goalkeeper)។

គួរ​បញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី “Malaysian Ambassador’s Football Shield ត្រូវ​បាន​រៀបចំឡើងយ៉ាង​ជោគជ័យ​​ចំនួន ២លើករួមមកហើយ។ លើកទី១ ក្រុម​បាល់ទាត់ធនាគារ CIMB ជាម្ចាស់ជើងឯក និង​លើកទី២ ក្រុមបាល់ទាត់ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) គឺ​ជាម្ចាស់​ជើង​ឯក៕

ក្រុមបាល់ទាត់ ខេមបូឌា អ៊ែរវ៉េ (Cambodia Airways) គឺ​ជាម្ចាស់​ជើង​ឯក ឆ្នាំ២០២៦


Share.