បណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម នៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន ក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គ។ ជាការវាយតម្លៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកម្ពុជា និង ឯកអគ្គរដ្ឋទូតចិន បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នាខែមិថុនា ឆ្នាំ២០២៦។

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គមបានប្រាប់ឲ្យដឹង ថា «ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវម្នាក់ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន ក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គ ដែលបាននិងកំពុងដើរលើកំណាត់ផ្លូវមួយដ៏ជោគ ជ័យអស់រយៈពេល១០ឆ្នាំមកហើយ (២០១៦-២០២៦)»។
លោកបន្តថា «ពាក្យស្លោកដែលយើងតែងតែឮថា “ផឹកទឹកទន្លេតែមួយ វាសនាផ្សារភ្ជាប់រួមគ្នាតែមួយ” វាមិន មែនជាភាសានយោបាយខ្ពស់ហួសពីការដឹងឮរបស់យើងនោះឡើយ។ នៅក្នុងជីវភាពរស់នៅរាល់ថ្ងៃ ឃ្លានេះចង់ប្រាប់យើងចំៗថា៖ “បើទឹកទន្លេមេគង្គនៅតែហូរ មានទាំងដីល្បាប់ មានទាំងហ្វូងត្រី នោះឆ្នាំងបាយរបស់ប្រជាជនយើងក៏នៅតែមានបាយហូបឆ្អែត និងមានម្ហូបឆ្ងាញ់ៗជានិច្ចដែរ។ នៅក្នុងលោកនេះ គ្មានគ្រួសារណា ឬប្រទេសណាអាចរស់នៅមានបានតែម្នាក់ឯង ដោយមិន ខ្វល់ពីសុខទុក្ខរបស់អ្នកជិតខាងដែលរស់នៅតាមដងទន្លេជាមួយគ្នានោះទេ។ ការរួមរស់និងសហការគ្នា ថែរក្សាទន្លេនេះ គឺដើម្បីធានាថា កូនចៅរបស់យើងទៅថ្ងៃមុខ នៅតែអាចរកស៊ីមានបាន និងរស់នៅ សំបូរសប្បាយពីប្រភពទឹកមាសទឹកប្រាក់មួយនេះជារៀងរហូតតទៅ»។

ជុំវិញ ថាតើជំនួយ និងគម្រោងទាំងអស់នោះ បានធ្លាក់មកដល់ ដៃប្រជាពលរដ្ឋខ្មែរយើងដោយរបៀបណាខ្លះ? លោកបណ្ឌិត បានលើកយកឧទាហរណ៍ជាក់ស្តែងចំនួន ៤ មកជម្រាបជូន។ ការ បន្តគាំទ្រពីមហាមិត្តចិន មកទល់នឹងឆ្នាំ២០២៦នេះ គឺដើម្បីចូលរួមចំណែកផ្ទាល់ជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការស្តារវិស័យកសិកម្មនិងជនបទរបស់យើងឡើងវិញ។ អ្វីដែលសំខាន់បំផុតនោះ គឺការ កសាងប្រព័ន្ធស្បៀងមួយដ៏រឹងមាំ ដើម្បីធានាថា ប្រជាពលរដ្ឋយើងរីករាយនឹងរស់នៅក្នុងភូមិដ្ឋានរបស់ ពួកគាត់ ដែលមិនត្រឹមតែមិនខ្វះខាតម្ហូបអាហារហូបចុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលុយកាក់កើន ឡើង ចំណូលមានស្ថេរភាពពីរបរស្រែចម្ការ និង កសិកម្មផ្ទាល់ខ្លួនតែម្ដង។ ដូច្នេះ ពួកគាត់មានការរស់ នៅប្រកបដោយសុភមង្គល។ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងចំនួន ៤ មកជម្រាបជូនដូចតទៅ៖
១. ស្តារវិស័យកសិកម្មនិងជនបទ៖ គម្រោងនាំមកនូវការបង្កើតមុខរបរ បង្កើនប្រាក់ចំណូល គ្រួសារ គឺតាមរយៈគម្រោងដាំផ្សិតនៅខេត្តកណ្តាល និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។ បងប្អូន ប្រជាកសិករទទួលបានបច្ចេកទេសដាំដុះថ្មីៗ ដែលជួយកែប្រែមុខមាត់ភូមិឋាន។ វាបានបង្កើតការងារ ឱ្យសមាជិកគ្រួសារនៅក្នុងផ្ទះ មានលុយកាក់ចំណូលចូលរាល់ថ្ងៃ និងជួយកសាងប្រព័ន្ធស្បៀង តាំងពី កម្រិតគ្រួសារឡើងទៅ គឺមានទាំងដាំបន្លែបង្ការ និងការចិញ្ចឹមសត្វ មានអាហារហូបចុកគ្រប់គ្រាន់ ដោយមិនបាច់ធ្វើចំណាកស្រុកទៅទីឆ្ងាយនោះទេ។
២. ដល់ដៃអាជីវករ (MSMEs)ឱ្យមានផលិតផលស្តង់ដារ ។ សម្រាប់បងប្អូនដែលមានរបររកស៊ី ខ្នាតតូចនិងមធ្យម គម្រោងបានជួយដល់ការវេចខ្ចប់បែបច្នៃប្រឌិត និងការប្រើប្រាស់ប្រព័ន្ធឌីជីថល (ទូរស័ព្ទ អ៊ីនធឺណិត) ក្នុងការលក់ដូរឱ្យទៅដល់អ្នកប្រើប្រាស់ផ្ទាល់។ ការណ៍នេះជួយឱ្យផលិតផលខ្មែរ យើងមានសម្រស់ស្អាត មានស្តង់ដារ អាចយកទៅប្រកួតប្រជែង និងពង្រីកទីផ្សារលក់ចេញទៅកាន់ ទីផ្សារទំនើបបានយ៉ាងទូលំទូលាយ។
៣. តាមរយៈគម្រោង «ទេសចរណ៍សហគមន៍ឌីជីថល» បច្ចេកវិទ្យាទំនើបត្រូវបានយកមកប្រើ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏ស្អាតៗរបស់ខ្មែរយើងទៅកាន់ទីផ្សារប្រទេស ចិន។ វានឹងជួយទាញម៉ូយ ឬភ្ញៀវទេសចរចិនឱ្យមកកម្សាន្ត និងចាយលុយផ្ទាល់នៅក្នុងសហគមន៍ ដែលធ្វើឱ្យបងប្អូនលក់ដូរដាច់ និងមានជីវភាពធូរធារ។
៤. គម្រោងគ្រប់គ្រងទិន្នន័យទឹក បានជួយឱ្យកម្ពុជាយើងមានសមត្ថភាពខ្ពស់ក្នុងការដឹងមុន ព្យាករណ៍មុន និងត្រៀមលក្ខណៈគ្រប់គ្រងគ្រោះមហន្តរាយបានទាន់ពេលវេលា។ ការបែងចែកទឹកធ្វើ ឡើងដោយសមធម៌ ដែលជួយការពារផលដំណាំ ទ្រព្យសម្បត្តិ និងធានាថា បរិស្ថានទន្លេមេគង្គ នៅតែ មាននិរន្តរភាព។
រហូតមកដល់ឆ្នាំ២០២៦នេះ ការបន្តគាំទ្រពីមហាមិត្តចិនតាមរយៈ «មូលនិធិពិសេសឡានឆាង-មេគង្គ» បានក្លាយជា «វេទិកាមាស» ដ៏ពិតប្រាកដ។ វាមិនមែនជាគម្រោងនៅលើក្រដាសនោះទេ ប៉ុន្តែ វាជាសមិទ្ធផលដែលមើលឃើញច្បាស់ៗ ជួយស្តារវិស័យកសិកម្មនិងជនបទឱ្យមានការរីកចម្រើន កាត់ បន្ថយភាពក្រីក្រ និងកសាងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពធន់ ដើម្បីលើកកម្ពស់គុណភាពជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រកបដោយសន្តិភាព និងស្ថិរភាពយូរ អង្វែង៕







