ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារ ស.ស.យ.ក. វិស័យមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។កម្មវិធីបរិច្ចាគឈាមនេះ ក្រោមប្រធានបទ «តំណក់ឈាមសាមគ្គីភាព ជាតិរឹងមាំ» ដែលរៀបចំដោយ ស.ស.យ.ក. វិស័យមហាផ្ទៃ នៅសាលអាគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ ។





ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវដល់មន្ត្រីនគរបាលជាតិ និងប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមបរិច្ចាគឈាមឱ្យបានផុសផុល ដើម្បីឆ្លើយតបនឹងតម្រូវការឈាមដែលកំពុងកើនឡើង សម្រាប់ជួយសង្គ្រោះអ្នកជំងឺ ជាពិសេសជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងស្ត្រីសម្រាលកូន។ ដោយឯកឧត្តម បានចាត់ទុកអ្នកបរិច្ចាគឈាមថា ជាវីរបុរស ដែលបានរួមចំណែកសង្គ្រោះជីវិតមនុស្ស។




ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានលើកឡើងថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ គឺជាសកម្មភាពមនុស្សធម៌ដ៏មានតម្លៃ ដែលជួយសង្គ្រោះជីវិតអ្នកជំងឺ និងគាំទ្រប្រព័ន្ធសុខាភិបាលជាតិ។ លោកបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាត្រូវការឈាមមួយប្លោករៀងរាល់ ៣នាទីម្តង ខណៈតម្រូវការឈាមជាមធ្យមនៅរាជធានីភ្នំពេញមានប្រមាណ ៣៥០ប្លោកក្នុងមួយថ្ងៃ។ ហើយទូទាំងប្រទេសមានតម្រូវការជិត ២១២,៤២៨ប្លោកក្នុងមួយឆ្នាំ ហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមអាចផ្គត់ផ្គង់បានជាង ៧៥ភាគរយ នៃតម្រូវការសរុប។




ដោយឡែក លោក ខៀវ ភារិទ្ធ បានឱ្យដឹងថា ស.ស.យ.ក. វិស័យមហាផ្ទៃ បានរៀបចំកម្មវិធីបរិច្ចាគឈាមចំនួន ៤លើករួចមកហើយ ដោយទទួលបានអំណោយឈាមសរុប ២,៥៨៣សាក់ ពីក្រុមគ្រួសារមហាផ្ទៃ ដើម្បីប្រគល់ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម សម្រាប់ប្រើប្រាស់ក្នុងការសង្គ្រោះជីវិតអ្នកជំងឺនៅទូទាំងប្រទេស។




