ប្រតិបត្តិការឡោមព័ទ្ធ និងបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២២ ខើមិថុនា ឆ្នាំ២០២៦ នៅក្នុងខេត្តរ៉ាត់ឆាបូរី ដែលបានបញ្ចប់ទៅដោយការស្លាប់របស់ជនសង្ស័យម្នាក់នៅក្នុងរថយន្ត និងការរងរបួសធ្ងន់ជំនួយការនគរបាលស្ម័គ្រចិត្តនោះ មិនមែនជាវីរភាព ឬជាជោគជ័យដែលត្រូវទះដៃអបអរសាទរឡើយ។ ផ្ទុយទៅវិញ គ្រាប់កាំភ្លើងដែលបានបាញ់តបតនៅថ្ងៃនោះ បានបន្សល់ទុកនូវផ្សែងអាប់អួរ និងមន្ទិលសង្ស័យធំៗជាច្រើនជុំវិញស្តង់ដារប្រតិបត្តិការដែលខ្វះការប្រុងប្រយ័ត្ន ភាពទន់ជ្រាយក្នុងការវាយតម្លៃហានិភ័យរបស់មន្ត្រីដឹកនាំ និងតម្លាភាពនៃយុទ្ធសាស្ត្រ «បំបិតមាត់» របស់កម្លាំងនគរបាលថៃ។

ចំណុចខ្វះខាតដំបូងគេបង្អស់ដែលមិនអាចប្រកែកបាន គឺភាពកំសោយក្នុងការក្តោបក្តាប់ព័ត៌មានសម្ងាត់មុនពេលបើកប្រតិបត្តិការ។ យោងតាមរបាយការណ៍ផ្លូវការ នគរបាលមានទិន្នន័យគ្រប់គ្រាន់ក្នុងការកំណត់ថា ជនសង្ស័យជាមុខសញ្ញាគ្រោះថ្នាក់ខ្លាំង មានប្រវត្តិជាប់ពន្ធនាគារ និងធ្លាប់ពាក់ព័ន្ធនឹងអាវុធ។ សូម្បីតែសាច់ញាតិផ្ទាល់ ក៏បានព្រមាន និងសុំឱ្យសមត្ថកិច្ចអនុវត្តច្បាប់ដោយភាពហ្មត់ចត់បំផុតដែរ ប៉ុន្តែអ្វីដែលបានកើតឡើងនៅចំពោះមុខ គឺភាពធូររលុង និងការមើលស្រាលស្ថានការណ៍។ កម្លាំងនគរបាលបែរជាសន្និដ្ឋានទាំងប្រហែសថា ជនសង្ស័យសម្ងំនៅក្នុងផ្ទះ ហើយបណ្តោយឱ្យជំនួយការនគរបាលស្ម័គ្រចិត្ត ដែលជាជនស៊ីវិលគ្មានអាវុធការពារខ្លួន និងគ្មានជំនាញប្រយុទ្ធ ដើរចូលទៅក្បែររថយន្តជនសង្ស័យ។ នេះជាការបង្ហាញពីកង្វះការទទួលខុសត្រូវលើអាយុជីវិតសហការី និងជាការរំលោភលើគោលការណ៍រក្សាសុវត្ថិភាពជាចម្បង ក្នុងទម្រង់ដែលមិនអាចលើកលែងឱ្យបាន។

ទន្ទឹមនឹងភាពប្រហែសក្នុងការការពារជីវិតមនុស្ស យុទ្ធសាស្ត្រចរចារបស់សមត្ថកិច្ចក៏បានបង្កើតជាសំណួរដេញដោលដ៏ស្រួចស្រាវមួយទៀត ព្រោះវាហាក់បីដូចជាឆាកល្ខោនពន្យារពេលច្រើនជាងការដោះស្រាយបញ្ហា។ នគរបាលបានអះអាងថា ពួកគេបានចំណាយពេលជាង ១ម៉ោង ក្នុងការចរចា និងនាំសាច់ញាតិមកស្រែកហៅជនសង្ស័យឱ្យចុះពីលើរថយន្ត ប៉ុន្តែនៅពេលកងប្រតិបត្តិការពិសេស វាយកម្ទេចកញ្ចក់ឡាន ពួកគេបែរជាឃើញជនសង្ស័យបាត់បង់ជីវិតទៅហើយ ដោយស្លាប់ក្នុងស្ថានភាពទម្លាក់កៅអីផ្អែកទៅក្រោយ ដោយមានកាំភ្លើងខ្លីដាក់នៅលើទ្រូង។ ការដែលសមត្ថកិច្ចចេញមុខមកប្រកាសថា មិនដឹងថា ជនសង្ស័យស្លាប់តាំងពីពេលណានោះ គឺជាការឆ្លុះបញ្ចាំងពីភាពអសមត្ថភាពផ្នែកបច្ចេកវិទ្យា និងការតាមដានសកម្មភាពជាក់ស្តែង។ ប្រសិនបើជនសង្ស័យស្លាប់តាំងពីការបាញ់តបតដំបូង មានន័យថា នគរបាលកំពុងចរចាជាមួយសាកសពអស់រយៈពេលមួយម៉ោង ហើយបើទោះជាជនសង្ស័យធ្វើអត្តឃាត ឬស្លាប់ក្រោយមកទៀត ក៏ការបណ្តោយឱ្យមានភាពស្រពិចស្រពិលបែបនេះ ក្នុងយុគសម័យដែលមានដ្រូន និងកាមេរ៉ាកម្ដៅទៅហើយនោះ គឺស្តែងឱ្យឃើញពីប្រព័ន្ធការងារដែលខ្វះខាតវិជ្ជាជីវៈយ៉ាងខ្លាំង។

លើសពីនេះទៅទៀត រាល់ពេលដែលមានករណីជនសង្ស័យគ្រឿងញៀនស្លាប់ក្រោមដៃសមត្ថកិច្ចនៅក្នុងប្រទេសថៃ វាតែងតែបង្កើតជាមន្ទិលសង្ស័យជានិច្ចអំពីវប្បធម៌ស្លាប់បំបិទមាត់។ ស្នាមគ្រាប់កាំភ្លើងជារន្ធៗនៅលើទ្វាររថយន្ត និងមុខរបួសជាច្រើនកន្លែងលើរាងកាយជនសង្ស័យ បង្ហាញពីការបាញ់សម្រុកយ៉ាងចាស់ដៃពីសំណាក់សមត្ថកិច្ច។ ទោះបីជានគរបាលយកហេតុផលបាញ់ការពារខ្លួនមកធ្វើជាខែលការពារផ្លូវច្បាប់ ប៉ុន្តែការស្លាប់របស់ជនសង្ស័យរូបនេះ ដែលត្រូវបានរកឃើញជាមួយថ្នាំញៀន និងប្រាក់សុទ្ធយ៉ាងច្រើន គឺជាការកាត់ផ្តាច់ខ្សែបណ្តាញដ៏គួរឱ្យស្តាយ ព្រោះគេជាកូនសោរដ៏សំខាន់ដែលអាចនាំទៅរកមេខ្លោងធំ។ ការដែលយុត្តិធម៌ត្រូវបានសម្រេចភ្លាមៗ ដោយគ្រាប់កាំភ្លើងនៅកន្លែងកើតហេតុ ដោយគ្មានការឆ្លងកាត់ប្រព័ន្ធតុលាការ មិនត្រឹមតែធ្វើឱ្យបាត់បង់តម្លាភាពនោះទេ ប៉ុន្តែវាបានធ្វើឱ្យខ្សែបណ្តាញគ្រឿងញៀននៅពីក្រោយខ្នងត្រូវបានកប់បាត់ទៅជាមួយសាកសព។

ជារួម ព្រឹត្តិការណ៍នៅខេត្តរ៉ាត់ឆាបូរី មិនមែនជាគំរូនៃជោគជ័យដែលត្រូវយកមកធ្វើជារបាយការណ៍ស្នាដៃនោះទេ ប៉ុន្តែវាជាមេរៀនដ៏បរាជ័យមួយដែលផ្ទុកទៅដោយភាពកម្សោយនៃយុទ្ធសាស្ត្រ ដែលក្នុងនោះមន្ត្រីស្ម័គ្រចិត្តម្នាក់ត្រូវរងគ្រោះថ្នាក់ជិតស្លាប់ ឯជនសង្ស័យត្រូវស្លាប់ដោយអាថ៌កំបាំង ព្រមទាំងបន្សល់ទុកនូវមន្ទិលដល់សាធារណជន។ ហេតុដូច្នេះ អាជ្ញាធរឯករាជ្យ ព្រះរាជអាជ្ញា និងមន្ត្រីកោសល្យវិច័យ ចាំបាច់ត្រូវធ្វើការស៊ើបអង្កេតករណីនេះដោយភាពម៉ឺងម៉ាត់ តម្លាភាព និងគ្មានការយោគយល់ ដើម្បីឆ្លើយតបទៅកាន់សង្គមឱ្យច្បាស់ថា តើនេះជាការអនុវត្តច្បាប់ដើម្បីការពារសន្តិសុខពិតប្រាកដ ឬគ្រាន់តែជាការបាញ់ប្រហារខ្វះវិជ្ជាជីវៈ ដែលឆ្លុះបញ្ចាំងពីភាពទន់ជ្រាយនៃប្រព័ន្ធនគរបាលជាតិទាំងមូល៕

ប្រភព៖ Khaosod English

Share.