កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» និងបានដុតកម្ទេចសារធាតុញៀនដែលសមត្ថកិច្ចបង្ក្រាបបាន សរុបចំនួន ១១.៨៣០,៥០ក្រាម (ជិត ១២គីឡូក្រាម)។

ពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រស់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ព្រមទាំង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងជាក្តីកង្វល់រួមរបស់សង្គមជាតិ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព សំដៅកសាងសហគមន៍ និងសង្គមមួយដែលគ្មានគ្រឿងញៀន គ្មានអ្នកប្រើប្រាស់ និងគ្មានការជួញដូរសារធាតុញៀន។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន រហូតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ក្នុងចំណោមឃុំ-សង្កាត់ទាំង ១០៩ ទូទាំងខេត្ត មាន ១០៧ ឃុំ-សង្កាត់ ត្រូវបានវាយតម្លៃជា «ពណ៌ស» (គ្មានគ្រឿងញៀន) ខណៈមានតែ ២ ឃុំ-សង្កាត់ប៉ុណ្ណោះស្ថិតក្នុងកម្រិត «ពណ៌ប្រផេះ» ហើយមិនមានឃុំ-សង្កាត់ណាមួយស្ថិតក្នុងកម្រិត «ពណ៌ខ្មៅ» នោះទេ។


ជាមួយគ្នានេះ ទីតាំងប្រមូលផ្តុំសំខាន់ៗចំនួន ១.៤៨៥ កន្លែង រួមមានគ្រឹះស្ថានសិក្សា សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីសប្បាយដ្ឋាននានា ត្រូវបានវាយតម្លៃថា ស្ថិតក្នុងប្រភេទ «ពណ៌បៃតង» ដែលមានសុវត្ថិភាព និងគ្មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
បើតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បរិមាណគ្រឿងញៀនដែលត្រូវដុតកម្ទេចនៅថ្ងៃនេះ មានចំនួនសរុប ១១.៨៣០,៥០ក្រាម ដែលជាការថយចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២៥ ដែលមានរហូតដល់ ៤៣២,៨៤គីឡូក្រាម។


ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័ន ឬបុគ្គលណាម្នាក់នោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ក្នុងន័យនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអប់រំ ណែនាំ និងការពារកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីរួមចំណែករក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សង្គមជាតិ៕
អត្ថបទ៖ អាចារ្យលាក់

