អន្តរជាតិ៖ តាមរយៈសារព័ត៌មាន Bangkok Post នាពេលថ្មីៗនេះ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបានប្រកាសពីផែនការយុទ្ធសាស្ត្រក្នុងការបង្កើនផលិតកម្មបង្គាក្នុងស្រុកយ៉ាងគំហុក ដើម្បីជំនួសឱ្យការនាំចូលពីប្រទេសថៃ ខណៈដែលកិច្ចចរចាដោះស្រាយជម្លោះស្តីពីបទដ្ឋានអនាម័យនៃផលិតផលជលផលរវាងប្រទេសជិតខាងទាំងពីរនៅតែបន្តជាប់គាំង។

តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី បានបញ្ជាក់ថា លោក អាដណាន ហ៊ូសេន (Adnan Hussain) អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិ Bernama កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ថា សមាគមវារីវប្បកម្ម និងកសិករចិញ្ចឹមបង្គានៅទូទាំងប្រទេសកំពុងចាប់ដៃគ្នា រៀបចំផែនការជម្រុញសមត្ថភាពផលិតកម្មឱ្យបានអតិបរមា។

លោក អាដណាន បានគូសបញ្ជាក់ថា៖ «បច្ចុប្បន្ន ការផ្គត់ផ្គង់បង្គារបស់យើងស្ថិតក្នុងកម្រិតគ្រប់គ្រាន់។ យើងទទួលបានការឆ្លើយតបយ៉ាងវិជ្ជមានពីកសិករ និងសមាគមនានា ដែលពួកគេបានសម្តែងការគាំទ្រពេញទំហឹងចំពោះវិធានការរឹតបន្តឹងជាបណ្តោះអាសន្ននេះ ហើយកំពុងត្រៀមលក្ខណៈបង្កើនផលិតកម្ម ដើម្បីឆ្លើយតបទាំងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស»។

គួររំលឹកផងដែរថា ម៉ាឡេស៊ីបានសម្រេចដាក់បម្រាមជាផ្លូវការ ហាមឃាត់ការនាំចូលបង្គាពីប្រទេសថៃ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ មកម្ល៉េះ ដោយលើកឡើងពីក្តីបារម្ភលើបញ្ហាអនាម័យ និងសុវត្ថិភាពចំណីអាហារ។

ទោះជាយ៉ាងណា ក្រុមអ្នកវិភាគមើលឃើញថា វិធានការក្តៅនេះហាក់ដូចជាការឆ្លើយតបតវិញ បន្ទាប់ពីភាគីថៃបានដាក់ចេញនូវវិធានការត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹងខុសធម្មតា លើការនាំចូលត្រីឆ្ពង់ (Sea Bass) ពីប្រទេសម៉ាឡេស៊ី កាលពីខែឧសភាកន្លងទៅ។

ជុំវិញការផ្អាកពាណិជ្ជកម្មនេះ គេសង្កេតឃើញមានភាពខុសគ្នានៃតួលេខរវាងប្រទេសទាំងពីរ ម៉ាឡេស៊ីបានអះអាងថា ខ្លួនបាននាំចូលបង្គាពីប្រទេសថៃក្នុងទំហំរហូតដល់ប្រមាណ ១១ ០០០ តោន ក្នុងមួយឆ្នាំៗ។ រីឯក្រសួងជំនាញរបស់ថៃបានរាយការណ៍ថា ខ្លួននាំចេញបង្គាទៅម៉ាឡេស៊ីត្រឹមតែប្រហែល ៤០០ តោនប៉ុណ្ណោះក្នុងមួយខែ ឬស្មើនឹងប្រមាណ ៤ ៨០០ តោន ក្នុងមួយឆ្នាំ។

ទោះបីជាស្ថានភាពហាក់មានភាពតានតឹងផ្នែកពាណិជ្ជកម្មក្តៅក៏ដោយ លោក មហាមេដ សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ម៉ាឡេស៊ី និងថៃ មិនបានបិទទ្វារជជែកគ្នានោះទេ។ កិច្ចចរចាកម្រិតបច្ចេកទេសកំពុងបន្តធ្វើឡើងយ៉ាងសកម្ម ដោយប្រទេសទាំងពីរមានបំណងចង់ស្វែងរកដំណោះស្រាយសមស្របមួយ ដើម្បីបញ្ចប់ជម្លោះជលផលនេះ និងស្តារទំនាក់ទំនងពាណិជ្ជកម្មឡើងវិញក្នុងពេលឆាប់ៗខាងមុខ៕

Share.