ភ្នំពេញ៖ ភាគីកម្ពុជាមិនបានជំទាស់ចំពោះការធ្វើរបងព្រំដែនដោយឯកតោភាគីរបស់ភាគីថៃនោះទេ គឺឱ្យតែការធ្វើរបងនោះ ប្រព្រឹត្តទៅដោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្ថិតក្នុងទឹកដីរបស់ថៃខ្លួនឯង។ នេះបើតាមការបញ្ជាក់ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ការធ្វើរបងជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង (កម្ពុជា) និងខេត្តចាន់បូរី (ថៃ)»។

ឯកឧត្តម ស្រ៊ឺ បូរ៉ា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ទីតាំងនៅកំណាត់ពីបង្គោលលេខ ៥២ ដល់ ៥៩ ត្រូវបានភាគីទាំងពីរបានចុះរកបង្គោលឃើញតាំងពីឆ្នាំ ២០០៨ ហើយបានឯកភាពគ្នាទាំងទីតាំងបង្គោល និងគំនូសខ្សែព្រំដែន ដោយគ្មានការជំទាស់អ្វីឡើយ។

នៅឆ្នាំ ២០២៥ គណៈកម្មាការចម្រុះព្រំដែន (JBC) នៃភាគីទាំងពីរ បានបញ្ជូនក្រុមវាស់វែងចម្រុះចុះទៅបោះបង្គោលបណ្ដោះអាសន្នបន្ថែម ដោយមានគម្លាតចម្ងាយ ៥០ ម៉ែត្រពីគ្នា ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីខ្សែបន្ទាត់ព្រំដែន ដោយមិនដែលមានបញ្ហាជម្លោះឡើយ។

ឯកឧត្តម ស្រ៊ឺ បូរ៉ា បានមានប្រសាសន៍ថា ទោះបីភាគីថៃធ្វើរបងនៅក្នុងទឹកដីរបស់ខ្លួនក៏ដោយ ក៏ការសាងសង់នេះគៀកទៅនឹងខ្សែបន្ទាត់ព្រំដែន ដែលអាចនាំឱ្យមានផលវិបាក និងប៉ះពាល់ដល់នីតិវិធីនៅពេលអនាគត ប្រសិនបើ JBC នៃភាគីទាំងពីរឯកភាពគ្នាសាងសង់បង្គោលបេតុងបន្ថែមនៅចន្លោះបង្គោលដើម។

ឯកឧត្តមអគ្គនាយកបច្ចេកទេស បានបញ្ជាក់ថា នាពេលកន្លងមក ភាគីយោធាថៃធ្លាប់បានបញ្ជាក់ថា ប្រសិនបើ JCB ទាំងពីរឯកភាពគ្នាបោះបង្គោលបេតុង ហើយប៉ះចំរបងដែលថៃបានសាងសង់ដោយឯកតោភាគីនោះ ច្បាស់ណាស់ភាគីថៃសុខចិត្តរុះរើរបងនោះចោល។

ទោះជាយ៉ាងណា ឯកឧត្តម ស្រ៊ឺ បូរ៉ា បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកបច្ចេកទេស មិនចង់ឃើញដំណើរការបែបនោះទេ ដោយសារវាមិនមែនជាដំណើរការរលូន ហើយបានស្នើឱ្យមានការឯកភាពគ្នាជាមុនរបស់ JBC មុននឹងធ្វើរបង ដើម្បីជៀសវាងបញ្ហានាពេលខាងមុខ។

ជាចុងក្រោយ ឯកឧត្តមអគ្គនាយកបច្ចេកទេស បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីកម្ពុជាមិនមានជំទាស់ចំពោះការធ្វើរបងព្រំដែននោះទេ គឺឱ្យតែភាគីថៃធ្វើត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្ថិតក្នុងទឹកដីរបស់ថៃប៉ុណ្ណោះ៕

Share.