នៅក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីមោទនភាពចំពោះសមិទ្ធផលថ្មីៗ ក្នុងវិស័យកសិកម្ម។ ឯកឧត្ដមរដ្ឋមន្ត្រីអះអាងថា ទោះបីជាបរិបទសកលលោកកំពុងជួបប្រទះនូវការប្រែប្រួលយ៉ាងស្មុគស្មាញ និងរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុយ៉ាងណាក៏ដោយ ក៏វិស័យកសិកម្មកម្ពុជានៅតែបន្តបង្ហាញពីភាពធន់ខ្ពស់ក្នុងការធានាសន្តិសុខស្បៀង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រួមទាំងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

រដ្ឋមន្ត្រៅកសិកម្មបានគូសរំលេចអពីលទ្ធផលជាក់ស្តែងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ វិស័យកសិកម្មបានបន្តរួមចំណែកយ៉ាងសំខាន់រហូតដល់ទៅជាង ១៦ភាគរយ នៃផលិតផលសរុបក្នុងស្រុក (GDP) ដោយក្នុងនោះតម្លៃបន្ថែមសរុបនៃវិស័យនេះបានកើនឡើងដល់ជាង ៨.៣ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ កម្ពុជាបានសម្រេចការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិបានរហូតជិត ១៥លានតោន គ្របដណ្តប់លើ ៩៤ប្រទេសទូទាំងពិភពលោក ដែលគិតជាទឹកប្រាក់សរុបមានចំនួនជិត ៦.៥ពាន់លានដុល្លារអាមេរិក ហើយក្នុងនោះអនុវិស័យដំណាំតែមួយមុខបានដើរតួនាទីយ៉ាងសំខាន់ដាច់គេ ដោយដណ្តើមបានចំណែកនៃចំណូលរហូតដល់ទៅជាង ៥.៦ពាន់លានដុល្លារអាមេរិក។
តាមការលើកឡើងរបស់ឯកត្ដមរដ្ឋមន្ត្រី សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការប្តេជ្ញាចិត្តយ៉ាងសកម្ម និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម បន្តលើកឡើងថា ដើម្បីគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រជាកសិករ រាជរដ្ឋាភិបាលបានជំរុញយ៉ាងខ្លាំងក្លានូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ តាមរយៈយន្តការថែរក្សាស្ថិរភាពថ្លៃកសិផល ដោយបានបញ្ចេញថវិកាជាតិក្នុងអត្រាការប្រាក់កម្រិតទាបចំនួន ៥លើករួចមកហើយ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ វិធានការនេះបានជួយបង្កើនលទ្ធភាពហិរញ្ញវត្ថុដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការចុះប្រមូលទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃសមរម្យមួយ ដែលអាចធានាបាននូវទីផ្សារជានិច្ច និងបង្ការមិនឱ្យមានការខាតបង់ជួបការលំបាក។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា នៅក្នុងរដូវប្រមូលផលកន្លងមក ថវិកាសរុបចំនួន ១៧០លានដុល្លារអាមេរិកត្រូវបានបញ្ចេញជាបន្តបន្ទាប់ចំនួន ៥ជុំ ដោយក្នុងនោះការបញ្ចេញថវិកាក្នុងជុំទី៣ នាឆ្នាំ២០២៥ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្តុកអង្ករសម្រាប់ការនាំចេញ។ កត្តានេះបានរុញច្រានឱ្យការនាំចេញអង្កររបស់កម្ពុជាកើនឡើងជាប្រវត្តិសាស្ត្ររហូតដល់ទៅ ៩៥ម៉ឺនតោនក្នុងឆ្នាំកន្លងទៅ។ ជោគជ័យដ៏ធំធេងនេះក៏មានការចូលរួមចំណែកមិនអាចខ្វះបានពីមន្ត្រីកសិកម្មឃុំចំនួន ១,៥២៦នាក់ ដែលត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រកបដោយតម្លាភាព ហើយកំពុងបំពេញការងារយ៉ាងសកម្មក្នុងការផ្ដល់បច្ចេកទេស កាត់បន្ថយថ្លៃដើម និងសម្របសម្រួលរកទីផ្សារជូនកសិករផ្ទាល់។ លើសពីនេះ ការបង្កើតសហគមន៍កសិកម្មទំនើបចំនួន ៣២ ក្នុងខេត្តចំនួន ១២ ក៏បាននិងកំពុងជួយធានានិរន្តរភាពផលិតកម្ម ព្រមទាំងបង្កើតកិច្ចសន្យាទិញលក់ដែលមានតម្លៃរាប់សិបលានដុល្លារ ដែលធ្វើឱ្យជីវភាពរបស់កសិករខ្មែរកាន់តែមានភាពកក់ក្តៅ និងរឹងមាំទ្វេឡើងថែមទៀត៕

