ព្រះវិហារ៖ ស្ថានភាពជំនន់ទឹកភ្លៀងដែលបានជន់លិចផ្ទះស្នាក់នៅបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹក ស្ថិតនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានដោះស្រាយទាំងស្រុងហើយ បន្ទាប់ពីអាជ្ញាធរ និងកងវិស្វកម្ម បានប្រើប្រាស់គ្រឿងចក្របើកមុខទឹក និងកាយផ្តាច់ផ្លូវ ដើម្បីរំដោះទឹកចេញពីតំបន់រងផលប៉ះពាល់។

ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីការជន់លិច លោកបានណែនាំជាបន្ទាន់ឱ្យរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយកងវិស្វកម្មសម្តេចតេជោសៀមរាប ចុះអន្តរាគមន៍ដោយប្រើគ្រឿងចក្រកាយបើកមុខទឹក និងកាត់ផ្តាច់ផ្លូវនៅចំណុចចាំបាច់ ដើម្បីបង្កើនល្បឿនបង្ហូរទឹកចេញ។ ជាលទ្ធផល ទឹកបានស្រកវិញក្នុងរយៈពេលប្រមាណ ៣ម៉ោងប៉ុណ្ណោះ។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានបញ្ជាក់ថា ស្ថានភាពនៅភូមិតាកឹងបៃតង បច្ចុប្បន្នត្រូវបានគ្រប់គ្រងបានទាំងស្រុងហើយ។ លោកអះអាងថា មូលហេតុនៃការជន់លិច គឺដោយសារភ្លៀងធ្លាក់ខ្លាំង ខណៈប្រព័ន្ធលូរំដោះទឹកនៅតំបន់នោះកំពុងសាងសង់មិនទាន់រួចរាល់ ដែលបណ្តាលឱ្យទឹកកកស្ទះ និងលិចជាបណ្ដោះអាសន្ន។ លោកបានបន្ថែមថា ក្រុមការងារជំនាញនឹងបន្តពន្លឿនការសាងសង់ប្រព័ន្ធលូ និងតាមដានស្ថានភាពជាប្រចាំ ដើម្បីបង្ការការកើតមានបញ្ហាស្រដៀងគ្នានេះនាពេលខាងមុខ។

Share.