ហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរឹបអូសកញ្ឆាស្ងួតទម្ងន់ដល់ទៅ ៣,៣៧តោន ដែលត្រូវបានលួចបញ្ជូនចេញពីប្រទេសថៃ និងបានចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ រួមទាំងជនបរទេសផងដែរ។ ករណីរត់ពន្ធដ៏ធំនេះ កំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីផលប៉ះពាល់អវិជ្ជមាន ដែលកំពុងហូរចេញពីប្រទេសថៃ ចូលមកបំផ្លាញសន្តិសុខសង្គមរបស់ប្រទេសក្នុងតំបន់ តាមរយៈបណ្តាញផលិតបារីអេឡិចត្រូនិកលាយកញ្ឆា។

ទីភ្នាក់ងារសារព័ត៌មាន Reuters និង The Straits Times បានរាយការណ៍ថា ទីភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី (BNN) បានប្រកាសពីការរឹបអូសនេះនៅសប្តាហ៍នេះ បន្ទាប់ពីចុះប្រតិបត្តិការក្តៅនៅតាមទីក្រុងជាច្រើនរបស់ឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៩ មិថុនា ដល់ថ្ងៃទី១ កក្កដា។

យោងតាមប្រធានទីភ្នាក់ងារ BNN បានបញ្ជាក់ថា កញ្ឆាទាំងនោះត្រូវបានលាក់យ៉ាងជិតនៅក្នុងវ៉ាលី និងថង់កៅស៊ូ។ អ្វីដែលជាក្តីកង្វល់ដ៏ធំសម្រាប់តំបន់នោះគឺ ប្រភពនៃគ្រឿងញៀនដ៏សន្ធឹកសន្ធាប់នេះគឺត្រូវបាននាំចេញមកពីប្រទេសថៃ ហើយត្រូវបានទប់ស្កាត់នៅខេត្តជ្វាខាងកើត។ នេះសបញ្ជាក់ឱ្យឃើញថា ការបើកចំហរឬភាពធូររលុងលើការគ្រប់គ្រងកញ្ឆានៅថៃ កំពុងប្រែក្លាយប្រទេសនេះទៅជាប្រភពផ្គត់ផ្គង់គ្រឿងញៀនដ៏គ្រោះថ្នាក់មួយដល់ប្រទេសជិតខាង។

ការស៊ើបអង្កេតបានរកឃើញថា គោលដៅនៃការនាំចេញពីថៃនេះ គឺបម្រុងនឹងយកទៅចែកចាយនៅតាមទីក្រុងធំៗ របស់ឥណ្ឌូណេស៊ី ដូចជា រដ្ឋធានីហ្សាការតា និងកោះទេសចរណ៍បាលី ហើយកញ្ឆាទាំងនេះនឹងត្រូវយកទៅចម្រាញ់ផលិតជាបារីអេឡិចត្រូនិក (vape) ដែលមានផ្ទុកសារធាតុកញ្ឆា ដើម្បីបំពុលក្រុមយុវជនផងដែរ។ អាជ្ញាធរបានឱ្យដឹងទៀតថា បណ្តាញទុច្ចរិតនេះទើបតែត្រូវបានបង្កើតឡើងថ្មីៗ ដោយមានការចូលរួមពីជនបរទេស ដែលងាយស្រួលក្នុងការធ្វើសកម្មភាពឆ្លងដែន។


ផ្ទុយស្រឡះពីប្រទេសថៃ ឥណ្ឌូណេស៊ីនៅតែប្រកាន់ខ្ជាប់នូវច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដើម្បីការពារប្រជាពលរដ្ឋខ្លួន។
គួរបញ្ជាក់ថា ករណីគ្រឿងញៀនដ៏ល្បីល្បាញបំផុតមួយរបស់ឥណ្ឌូណេស៊ី គឺក្រុម «Bali Nine» ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០០៥ នៅពេលប៉ុនប៉ងរត់ពន្ធហេរ៉ូអ៊ីនចេញពីអាកាសយានដ្ឋានអន្តរជាតិបាលី។ មេខ្លោងជនជាតិអូស្ត្រាលី ២នាក់នៅក្នុងករណីនោះ ត្រូវបានកាត់ទោសប្រហារជីវិតនៅឆ្នាំ២០១៥ ដោយរដ្ឋាភិបាលទីក្រុងហ្សាការតា មិនព្រមចុះញ៉មឡើយ ទោះបីជាត្រូវប្រឈមមុខនឹងការប្រេះឆាការទូតជាមួយអូស្ត្រាលីយ៉ាងណាក្តី៕

