ក្មេងប្រុសជំទង់ ២នាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបាននគរបាលឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដោយជាប់សង្ស័យលើបទល្មើសក្មេងទំនើង និងប្រើប្រាស់អាវុធខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងអនុវិទ្យាល័យអង្គតាសូរ ដោយនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ខណៈពេលក្មេងប្រុសទាំងពីរនាក់កំពុងរៀននៅក្នុងថ្នាក់។


មូលហេតុដែលនាំឱ្យឈានដល់ការឃាត់ខ្លួនក្មេងជំទង់ទាំង ២នាក់៖
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្មេងប្រុសជំទង់ទាំងពីរនាក់ដែលជាអ្នកជិតខាង និងជាមិត្តភក្តិរៀនរួមថ្នាក់ជាមួយគ្នា បានជិះម៉ូតូឌុបគ្នាទៅធ្វើពលកម្មនៅសាលារៀន ដោយបានយកតាមខ្លួននូវកាំបិតសម្រាប់ឆ្ការព្រៃមួយដើម តាមការអំពាវនាវរបស់គណៈគ្រប់គ្រងអនុវិទ្យាល័យអង្គតាសូរ។ នៅតាមផ្លូវទៅសាលា ម្តាយរបស់ក្មេងប្រុសម្នាក់បានទូរសព្ទប្រាប់ឱ្យកូនចូលដកប្រាក់សមធម៌របស់ជីដូន នៅទីតាំងភ្នាក់ងារវីង (Wing)។
នៅពេលទៅដល់ទីតាំងភ្នាក់ងារវីង ក្មេងប្រុសដែលទទួលការផ្ដែផ្ដាំពីម្ដាយបានចូលទៅដកប្រាក់ ដោយទុកឱ្យក្មេងប្រុសម្នាក់ទៀត ដែលមានកាំបិតដាក់នៅក្នុងកាតាបស្ពាយក្រោយខ្នងឈររង់ចាំនៅខាងក្រៅរបង។
បើតាមលិខិតស្នើសុំអន្តរាគមន៍ផ្ញើជូនឯកឧត្តមអភិបាលខេត្តស្វាយរៀង ពីសំណាក់ឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ បានអះអាងថា ក្មេងទាំងពីរបានទទួលស្គាល់នៅចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអង្គតាសូរថា ពួកគេពិតជាបានដាក់កាំបិតតាមខ្លួនពិតមែន ប៉ុន្តែមិនបានធ្វើសកម្មភាពណាមួយដែលបង្កឱ្យមានការភ័យខ្លាចនោះឡើយ។ កាំបិតនោះ គឺសម្រាប់យកទៅធ្វើពលកម្មនៅសាលាតាមការស្នើសុំរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះ។
អំឡុងពេលដែលពួកគេចូលដកប្រាក់នៅទីតាំងភ្នាក់ងារវីង (Wing) កាមេរ៉ាសុវត្ថិភាពបានថតជាប់រូបភាពស្ពាយកាំបិតតាមខ្លួន ហើយទំនងជាម្ចាស់ទីតាំងវីងបានយករូបភាពនោះទៅប្តឹងសមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួនក្មេងជំទង់ទាំងពីរនាក់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ អំឡុងពេលពួកគេកំពុងរៀន។
បើតាមការឱ្យដឹងពីគណៈគ្រប់គ្រងសាលា នគរបាលដែលចូលទៅឃាត់ខ្លួនក្មេងប្រុសទាំងពីរ បានបង្ហាញបណ្ណសម្គាល់ខ្លួនជានគរបាលមកពីអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ប៉ុន្តែមិនបានស្លៀកពាក់ឯកសណ្ឋានទេ ដោយបម្រុងចូលទៅនាំខ្លួនពួកគេនៅក្នុងថ្នាក់រៀនតែម្តង។ ប៉ុន្តែសកម្មភាពនេះត្រូវបានគណៈគ្រប់គ្រងសាលារារាំង និងបានស្នើសុំឱ្យសមត្ថកិច្ចប្រាប់តែឈ្មោះសិស្ស រួចគណៈគ្រប់គ្រងសាលានឹងទៅនាំពួកគេមកជួបដោយផ្ទាល់ ព្រោះខ្លាចបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងថ្នាក់រៀន និងជៀសវាងការភាន់ច្រឡំណាមួយដែលប៉ះពាល់ដល់អារម្មណ៍របស់ក្មេងប្រុសទាំងពីរ ក៏ដូចជាគ្រួសាររបស់ពួកគេ។
បន្ទាប់ពីគណៈគ្រប់គ្រងសាលាបាននាំក្មេងប្រុសទាំងពីរមកជួបសមត្ថកិច្ច និងបានសួរនាំនៅក្នុងបន្ទប់ដាច់ដោយឡែករួចរាល់ ក្មេងប្រុសទាំងពីរត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលឃុំអង្គតាសូរដើម្បីធ្វើកំណត់ហេតុ។ ប្រហែលជា ២ម៉ោងបន្ទាប់ សមត្ថកិច្ចបានបញ្ជូនពួកគេទៅកាន់អធិការដ្ឋានស្រុកស្វាយជ្រំ ដោយឃាត់ខ្លួនទុករយៈពេលមួយយប់។ នៅថ្ងៃទី៣០ ខែមិថុនា ក្មេងប្រុសជំទង់ទាំងពីរត្រូវបានបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីបន្តនីតិវិធី។ តាមការឱ្យដឹងពីឪពុកម្តាយ និងគណៈគ្រប់គ្រងសាលា អ្នកទាំងពីរត្រូវជាប់សង្ស័យពីបទល្មើសក្មេងទំនើង និងប្រើប្រាស់អាវុធខុសច្បាប់។
ឪពុកម្តាយ និងគណៈគ្រប់គ្រងសាលា បានសម្តែងការមិនពេញចិត្តចំពោះការឃាត់ខ្លួនក្មេងទាំងពីរនាក់នេះឡើយ ដោយពួកគាត់អះអាងថា សមត្ថកិច្ចមិនបានជូនដំណឹងទៅកាន់អាណាព្យាបាលអំពីការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺ ឬការឃាត់ខ្លួននោះទេ ត្បិតអង្គហេតុបានកើតឡើងតាំងពីថ្ងៃទី២៦ ខែមិថុនា ពោលគឺកន្លងហួសប្រមាណជា ៣ថ្ងៃទៅហើយ។ ចំណែកអង្គហេតុដែលត្រូវបានគេចោទប្រកាន់ក៏មិនសមហេតុផលដែរ ត្បិតការកាន់កាប់កាំបិត ពូថៅ ចប ឬសម្ភារៈផ្សេងៗទៀតដើម្បីបំពេញការងារប្រចាំថ្ងៃ ពុំមែនជាបទល្មើសដែលត្រូវឃាត់ខ្លួនឡើយ។ ម្យ៉ាងវិញទៀត ក្មេងប្រុសទាំងពីរនាក់ពុំបានបង្កការភ័យខ្លាចណាមួយនោះទេ សូម្បីតែអ្នកដែលមានកាំបិតក្នុងកាតាប ក៏មិនបានចូលទៅដកប្រាក់ជាមួយគ្នាដែរ។
ដោយឡែក តំណាងគណៈគ្រប់គ្រងអនុវិទ្យាល័យអង្គតាសូរបានអះអាងថា សិស្សរបស់លោកទាំងពីរ ទោះបីជារៀនមិនសូវពូកែ (ប៉ុន្តែមិនមែនមានន័យថាអន់នោះទេ) តែពួកគេមិនដែលបង្កបញ្ហាក្នុងសាលា ឬលេចឮថាធ្លាប់មានឈ្មោះជាក្មេងទំនើង បង្កការភ័យខ្លាចណាមួយនៅខាងក្រៅឡើយ។ ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលា ពិតជាបានអំពាវនាវឱ្យសិស្សានុសិស្សនៃអនុវិទ្យាល័យ ចូលរួមធ្វើពលកម្មនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយស្នើសុំឱ្យពួកគេយកកាំបិត ចប បង្គី ជាដើមមកពីផ្ទះ ដើម្បីជួយកាប់ឆ្ការព្រៃតូចៗជុំវិញបរិវេណសាលា ឱ្យមានសោភណភាព មានអនាម័យ និងជៀសវាងការកកើតមូសពិតប្រាកដមែន។
ឪពុកម្តាយ និងគណៈគ្រប់គ្រងសាលាយល់ថា ករណីនេះប្រសិនបើពិតជាចាំបាច់មែន គួរតែហៅក្មេងប្រុសទាំងពីរ ព្រមទាំងឪពុកម្តាយ ឬអាណាព្យាបាលទៅអប់រំណែនាំនៅត្រឹមកម្រិតអាជ្ញាធរមូលដ្ឋានបានហើយ មិនគួរណាបញ្ជូនទៅចាត់ការវែងឆ្ងាយរហូតដល់ថ្នាក់ខេត្តបែបនេះឡើយ។
អង្គភាពសារព័ត៌មាន «ត្រយង» បានព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំផងដែរ ប៉ុន្តែពុំមានការឆ្លើយតបឡើយ។
បើតាមការឱ្យដឹងពីឪពុកម្តាយក្មេងប្រុសទាំងពីរ ប្រសិនបើជាការពិត ក្មេងប្រុសវ័យជំទង់ទាំងពីរនឹងត្រូវដោះលែងវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ដើម្បីបានត្រលប់ទៅផ្ទះ និងទៅរៀនសូត្រវិញ ត្បិតកាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កាន់តែខិតជិតមកដល់ ដែលតម្រូវឱ្យពួកគេ ក៏ដូចជាសិស្សានុសិស្សដទៃទៀត ត្រូវខិតខំរៀនសូត្រដើម្បីត្រៀមប្រឡង។
សូមជម្រាបថា៖ អត្ថបទនេះត្រូវបានដកស្រង់ចេញពីករណីជាក់ស្តែង ដែលបានកើតឡើងនៅឃុំអង្គតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងគោលបំណងឱ្យអ្នកអានពិចារណាលើអង្គហេតុដែលបានកើតឡើង។ ការដែលមិនបង្ហាញឈ្មោះរបស់ប្រភពព័ត៌មាន និងមិនបង្ហាញអត្តសញ្ញាណជាក់លាក់ គឺក្នុងគោលបំណងជៀសវាងការកត់សម្គាល់អវិជ្ជមានណាមួយលើប្រភព ពិសេសគឺក្មេងប្រុសជំទង់ទាំងពីរ ដែលស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់នៅឡើយ៕

