សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានសមាគម អតីត យុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញប្រគេនទៀនវស្សាជូនវត្តចំនួន១៩ ដែលពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងបរិវេណ វត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា បើទោះជាក្នុងពេលនេះមិនទាន់ ដល់ពិធីបុណ្យចូលវស្សាក៏ពិតមែន តែការយកទៀនវស្សា និងទេយ្យទានគ្រឿងបរិក្ខារចាំបាច់ ទាំងអស់នេះ មកប្រគេននៅពេលនេះ គឺដើម្បីជួយសម្រួលដល់ព្រះសង្ឃ ក៏ដូចជាគណៈកម្មការវត្ត សម្រួលក្នុងការរៀបចំត្រៀមទុកជាមុន និងអាចប្រើប្រាស់កិច្ចពិធីនានាតាមតម្រូវការជាក់ស្តែង ទាំងមុន និងក្នុងពិធីបុណ្យ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សប្បុរជន និងអាជ្ញាធរទាំងអស់ដែលបាន មកចូលរួម និងចូលជាបច្ច័យក្នុងថ្ងៃនេះផងដែរ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាន អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាតចំនួន ២៥គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត ពុទ្ធបរិស័ទ និងអតីតយុទ្ធជនទាំង២៥គ្រួសារ។

ក្នុងពិធីសំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងខាងអាណាចក្រ និងពុទ្ធចក្រ មានក្នុងពេល បច្ចុប្បន្ននេះ គឺបាន មកពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងរាងកាយ របស់បងប្អូន អតីតយុទ្ធជន និងនិវត្តជន ទាំងអស់ ដែលបានបម្រើជាតិមាតុភូមិ នាពេលកន្លងមក។
សម្តេចមានប្រសាសន៍បន្តថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនជានិច្ច ហើយថ្នាក់ដឹកនាំសមាគម ទាំងអស់ មិនដែលភ្លេច គុណបំណាច់របស់បងប្អូនឡើយ ស្មារតីតបស្នង និងការជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូន អតីតយុទ្ធជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់សម្តេចទាំងទ្វេ និងរាជរដ្ឋាភិបាល។
ដើម្បីជួយសម្រាលបន្ទុកជីវភាពចំពោះមុខ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគល់ជូននូវ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ជូនដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជន ចំនួន ២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១បេ, មីយើង ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, សារុង ១, ក្រម៉ា ១, អំពូលសូឡា ២ បន្ទះ, ថ្នាំពេទ្យ ១កញ្ចប់ និង ថវិកា ១០ម៉ឺនរៀល។ ជាមួយគ្នានេះដែរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងក៏បានចូលរួមឧបត្ថមក្នុងមួយគ្រួសារថវិកាចំនួន១០ម៉ឺនរៀលបន្ថែមទៀត៕



