យោងតាម​ការ​ផ្សាយ​ដោយ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូតសាធារណរដ្ឋឆែក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ បាន​បង្ហាញ​ពី​ក្ដី​រំពឹងខ្ពស់​ថា​នឹង​មាន​អ្នក​ទេសចរ​ ឆែក មក​ទស្សនា​កម្សាន្ត​តំបន់​ឆ្នេរ​ក្នុង​ក្រុង​ព្រះសីហនុ​រាប់រយ​នាក់​ក្រោយ​មាន​ជើង​ហោះ​ហើរត្រង់​ជា​​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ។ នេះបើយោងតាមការ​ផ្សាយនៅថ្ងៃទី៣ ខែកក្កដា នេះ។

ខាងក្រោម​នេះ​គឺជា​ការ​ចេញ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​ប្រទេស​ឆេក ដែល​សូមសម្រួល​ដកស្រង់​ខ្លះបង្ហាញ​ពី​ខ្លឹមសារដើម​ដូច​ខាង​ក្រោម៖

លទ្ធភាពរបស់ប្រជាជនឆែកក្នុងការធ្វើដំណើរតាមជើងហោះហើរឆាតធ័រ (Charter flights) ត្រង់ទៅកាន់គោលដៅទេសចរណ៍បរទេសដ៏កម្រ (Exotic destinations) កំពុងតែបន្តពង្រីកខ្លួនយ៉ាងខ្លាំង ហើយអ្វីដែលជាចំណុចពិសេសថ្មីប្រចាំរដូវកាលនេះ គឺប្រទេសកម្ពុជា ដែលជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ។ ទីក្រុងឆ្នេរសមុទ្រក្រុងព្រះសីហនុ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ជាមួយនឹងឆ្នេរខ្សាច់លាតសន្ធឹងយ៉ាងធំល្វឹងល្វើយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទ្វារចម្លងទៅកាន់កោះត្រូពិចដែលនៅក្បែរៗនោះផងដែរ។ អ្វីៗទាំងអស់នេះ នឹងត្រូវកាត់បន្ថយមកត្រឹមរយៈពេលហោះហើរតែ ១១ ម៉ោង ប៉ុណ្ណោះពីទីក្រុងប្រាក (Prague) ចាប់ពីពាក់កណ្តាលខែធ្នូទៅ។

ការរត់គេចពីអាកាសធាតុត្រជាក់ក្នុងរដូវរងាទៅកាន់តំបន់ដែលមានកម្តៅក្តៅឧណ្ហៗ កំពុងមានប្រជាប្រិយភាពខ្លាំងឡើងៗក្នុងចំណោមប្រជាជនឆែក ហើយក្នុងការជ្រើសរើសគោលដៅធ្វើដំណើរ គឺពួកគេតែងតែផ្តល់អាទិភាពដល់ទីកន្លែងណាដែលអាចធ្វើដំណើរទៅដល់បានយ៉ាងងាយស្រួល និងរហ័ស តាមរយៈជើងហោះហើរត្រង់។

ប្រទេសកម្ពុជាទាក់ទាញភ្ញៀវទេសចរដោយសារការរួមបញ្ចូលគ្នានៃប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍ ឆ្នេរខ្សាច់ស និងការផ្សងព្រេង។ ទីតាំងដែលមានអ្នកទៅទស្សនាច្រើនជាងគេបំផុតនៅក្នុងប្រទេស គឺប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី ១២ ជាទីសក្ការៈបូជានៃព្រហ្មញ្ញសាសនា ឧទ្ទិសដល់ព្រះវិស្ណុ។ រមណីយដ្ឋានបុរាណវិទ្យាដ៏ធំទូលាយនៃតំបន់អង្គរ គឺជាបរិវេណសាសនាដ៏ធំបំផុតនៅលើពិភពលោក និងត្រូវបានចុះបញ្ជីក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។

ក្រុងព្រះសីហនុ គឺជាទីក្រុងកំពង់ផែ និងជារមណីយដ្ឋានទេសចរណ៍នៅលើឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ វាមានចម្ងាយប្រហែល ១៨៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅចម្ងាយពីរបីសិបគីឡូម៉ែត្រពីក្រុងព្រះសីហនុ មានកោះត្រពិចជាច្រើនរាយប៉ាយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ដោយសារឆ្នេរខ្សាច់ស ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិយាកាសដ៏ធូរស្បើយ។ ភ្ញៀវទេសចរឆែកអាចសម្រាកលំហែកាយដោយផ្ទាល់នៅក្រុងព្រះសីហនុ ឬនៅលើកោះនានាដូចជា កោះរ៉ុង, កោះរ៉ុងសន្លឹម និង កោះឫស្សី ដែលចំណាយពេលធ្វើដំណើរតាមទូកល្បឿនលឿនប្រហែលមួយម៉ោងប៉ុណ្ណោះ។

https://troryorng.com/
Share.