(សៀមរាប)៖ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងយុទ្ធនាការជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា និងយកថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ។ យុទ្ធនាការនេះ លោក ទីវ តារារិទ្ធិ បានរៃអង្គាសថវិកាសរុបបានចំនួន ២៦ម៉ឺនដុល្លារ។ 

ក្នុងពិធីប្រគល់ថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរនេះ ក៏មានការនិមន្តអញ្ជើញចូលរួម ពីសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណា ព្រះចៅអធិការវត្តរាជបូណ៌, លោក លី សារី អភិបាលរងខេត្តសៀមរាប, លោកសាស្ត្រាចារ្យ ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ, លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យ ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនចូលរួមផងដែរ។ 

ថ្លែងក្នុងឱកាសនោះ លោក លី សារី បានលើកឡើងថា កីឡាបានរួមចំណែកបំបាត់អំពើហិង្សា និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ព្រមទាំងជួយលើកស្ទួយសន្តិភាព និងស្ថិរភាពសង្គម។ បច្ចុប្បន្ននេះ ប្រទេសរីកចម្រើនជឿនលឿននៅលើពិភពលោក បាន ចាត់ទុកវិស័យកីឡា ជាឧស្សាហកម្ម ដ៏មានសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច ដែលផ្តោតជាសំខាន់ គឺសុខុមាលភាព និងមិត្តភាព។ 

លោកអភិបាលរងខេត្ត បានបន្តថា ចម្ងាយផ្លូវដ៏ឆ្ងាយ និងឆ្លងកាត់ជាច្រើនប្រទេសនេះ មិនមែនគ្រាន់តែជាចម្ងាយផ្លូវ ឬពេលវេលានោះទេ ប៉ុន្តែវា គឺជាភស្តុតាងនៃក្តីស្រឡាញ់ដ៏មហិមា ដែលមនុស្សម្នាក់ អាចលះបង់ កម្លាំងកាយ ចិត្ត និងពេលវេលា ដើម្បីញញឹមរបស់កុមារ ដែលកំពុង ត្រូវការជំនួយ។ លើសពីនេះ គឺជាបេសកកម្មនាំសារសន្តិភាព និងមនុស្សធម៌ រាល់ការបង្វិលកង់មួយជុំៗ គឺជា ការផ្សព្វផ្សាយពីតម្រូវការសុខភាពរបស់កុមារកម្ពុជាទៅកាន់ពិភពលោក។ 

លោក លី សារី បន្ថែមថា នេះជានិមិត្តរូបនៃការតស៊ូមិនបោះបង់ ឆ្លងកាត់ការប្រែប្រួលអាកាសធាតុ ផ្លូវលំបាក សេចក្តីនឿយហត់ និងឧបសគ្គរាប់ម៊ឺនជំពូក ឆ្លងកាត់ទ្វីប និងព្រំដែនជាច្រើនប្រទេស។ រាល់គីឡូម៉ែត្រ ដែលបានឆ្លងកាត់ គឺជាការផ្ដល់ក្ដីសង្ឃឹម និងជីវិតថ្មីដល់កុមារកម្ពុជារាប់ពាន់នាក់ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ។ 
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានលើកឡើងថា បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា គឺជាបេសកកម្មដែលប្រកបដោយមោទភាព និងជោគជ័យដ៏ត្រចះត្រចង់ ដែលយើងទាំងអស់ គ្នាបានគាំទ្រនាពេលកន្លងមក បេសកកម្មនេះ ជាការចូលរួមយ៉ាងខ្លាំងក្លាជួយដល់កុមារកម្ពុជា។ 

លោកសាស្ត្រាចារ្យ បានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងការខ្វះខាតការព្យាបាលរបស់កុមារនៅកម្ពុជា លោក ទីវ តារារិទ្ធិ ក៏បានមានគំនិត និងមានកម្លាំងចិត្តដើម្បីបង្កើតកម្មវិធីជិះកង់នេះឡើង ដោយលើកទី១ លោកបានជិះកង់នៅតំបន់អាស៊ី ដោយបានជិះកាត់ចំនួន ០៦ប្រទេស និងទទួលបានថវិកាជិត៦ម៊ឺនដុល្លារ សម្រាប់ជួយដល់ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ២០២៣។ 

លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២២ នៅពេលលោក ទីវ តារារិទ្ធិ បានជួបស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ នៅទីក្រុងភ្នំពេញ លោកបានសិក្សា និងស្វែងយល់ អំពីគោលបំណងរបស់ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ ដែលបាមបង្កើតមន្ទីរពេទ្យនេះឡើង គឺដើម្បីជួយដល់កុមារកម្ពុជា នេះហើយជាការលើកទឹកចិត្ត និងប្តេជ្ញាបង្កើតកម្មវិធី ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ 

លោកសាស្ត្រាចារ្យ ងួន ច័ន្ទភក្ត្រា បន្ថែមថា ដូច្នេះហើយនៅឆ្នាំ២០២៤ លោក ទីវ តារារិទ្ធិ ក៏បានចាប់ផ្តើមបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ដែលបានចាកចេញពីមន្ទីរពេទ្យកុមារអង្គរ ដើម្បីឆ្លងកាត់៣ទ្វីប គឺទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្រ្វិក ដោយឆ្លងកាត់៤០ប្រទេស និងប្រហែល៦០ ០០០គីឡូម៉ែត្រ និងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ 

លោក ទីវ តារារិទ្ធិ បានថ្លែងអំណរគុណដល់សាធារណជនទាំងអស់ ដែលរួមចំណែកធ្វើឱ្យបេសកកម្មមួយនេះ ទទួលបានជោគជ័យ។ មានសាធារណជន៥ម៉ឺននាក់ ដែលបានចូលរួមបរិច្ចាគក្នុងព្រឹត្តិការណ៍នេះដែល ធ្វើឱ្យយើងអាចរកថវិកាបានគ្រប់ចំនួន ២៦ម៉ឺនដុល្លារ។ លោកក៏មិនភ្លេចអំណរគុណដល់អ្នកសារព័ត៌មាន ដែលពាំនាំនូវរឿងរ៉ាវជិះកង់ផ្សព្វផ្សាយដល់សាធារណជន បានឃើញពីការខិតខំប្រឹងប្រែងរបស់លោក និងវិស័យឯកជនពាក់ព័ន្ធទាំងអស់ផងដែរ។ 

លោកបញ្ជាក់ថា មនុស្សពិសេស ដែលលោកចង់អរគុណនោះគឺម្តាយ និងឪពុកដែលជាគម្រូនូវភាពក្លាហាន ជ្រោមជ្រែង អង់អាច ជំរុឱ្យធ្វើការងារនេះបានជោគជ័យ។ ហើយសង្ឃឹមថា លោកនឹងផ្តល់ជាគំរូដ៏ល្អ សម្រាប់អ្នក ជំនាន់ក្រោយ ឱ្យមានភាពរឹងមាំលើខ្លួនឯង និងធ្វើឲ្យបានជោគជ័យ៕

Share.