នៅក្នុងកំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាទៅកាន់ប្រទេសឡាវ កិច្ចព្រមព្រៀងរួមមួយស្តីពីការសិក្សាលទ្ធភាព (Feasibility Study) ត្រូវបានចុះហត្ថលេខាដើម្បីសិក្សាស្រាវជ្រាវលើការអនុវត្តគម្រោងវារីអគ្គិសនីមួយនៅតាមបណ្តោយទន្លេមេគង្គ ត្រង់តំបន់ព្រំដែនរវាងមីយ៉ាន់ម៉ានិងឡាវ។ ការចុះហត្ថលេខានេះ គឺធ្វើឡើងស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនីរវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Crowne Plaza ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

នៅក្នុងព្រឹត្តិការណ៍នោះ លោកបណ្ឌិត Manothong Vongsayឧបនាយករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឡាវ បានមានប្រសាសន៍ថា «គម្រោងនេះគឺជាសញ្ញាណមួយដែលបង្ហាញពីមិត្តភាពរវាងមីយ៉ាន់ម៉ានិងឡាវ ហើយវានឹងនាំមកនូវផលប្រយោជន៍មិនត្រឹមតែសម្រាប់តំបន់ព្រំដែននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់តំបន់អនុតំបន់មេគង្គទាំងមូល (GMS) ផងដែរ។ រដ្ឋាភិបាលឡាវនឹងគាំទ្រដល់ការបញ្ចប់ការសិក្សាលទ្ធភាពនេះឱ្យបានឆាប់រហ័សបំផុត ដើម្បីឈានទៅអនុវត្តគម្រោងផ្ទាល់។»
ចំណែកឯ លោក U Aye Kyaw ឧបនាយករដ្ឋមន្ត្រីក្រសួងអគ្គិសនី និងថាមពលនៃប្រទេសមីយ៉ាន់ម៉ា បានថ្លែងថា «គម្រោងនេះមានសារៈសំខាន់ជាពិសេសក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅពេលបញ្ចប់ការសាងសង់ វារីអគ្គិសនីនេះនឹងជួយបំពេញតម្រូវការអគ្គិសនីក្នុងតំបន់ និងរួមចំណែកដល់គោលដៅថាមពលកកើតឡើងវិញរបស់អាស៊ាន។ ដោយសារតែទន្លេមេគង្គជាទន្លេព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ គម្រោងនេះត្រូវតែអនុលោមតាមទំនៀមទម្លាប់ ប្រពៃណី ច្បាប់ និងនីតិវិធីទាំងរបស់មីយ៉ាន់ម៉ា និងឡាវ។ លោកបានបន្ថែមថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងផ្តល់ការត្រួតពិនិត្យ និងការណែនាំឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវជោគជ័យនៃគម្រោងនេះ។»

បន្ទាប់មក តំណាងក្រុមហ៊ុន Primus Sapphire Power Co Ltd ដែលចាត់តាំងដោយភាគីមីយ៉ាន់ម៉ា និងក្រុមហ៊ុន Phongsupthavy Group Sole Co Ltd ដែលចាត់តាំងដោយភាគីឡាវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក នៅចំពោះមុខអនុរដ្ឋមន្ត្រីទាំងពីររូប។
គម្រោងវារីអគ្គិសនីដ៏ធំមួយនេះ ត្រូវបានរំពឹងថានឹងមានសមត្ថភាពផលិតថាមពលរហូតដល់ ២,៧៩០ មេហ្គាវ៉ាត់។ ក្រុមហ៊ុន មីយ៉ាន់ម៉ា និងឡាវ នឹងរួមគ្នាធ្វើការសិក្សាលទ្ធភាពនេះ ដែលត្រូវបានគ្រោងទុកថានឹងត្រូវបញ្ចប់ក្នុងរយៈពេល ៣៤ ខែ៕
ប្រភព៖ GNLM

