ភ្នំពេញ៖ BKD Academy សហការជាមួយ BizKhmer Digital Media និងមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំវគ្គបណ្តុះបណ្តាល «យុទ្ធសាស្ត្រទីផ្សារក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) សម្រាប់ MSMEs» នៅសណ្ឋាគារសុខា ភ្នំពេញ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងអ្នកជំនាញវ័យក្មេងជាង ១២០ នាក់ចូលរួម ដើម្បីលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្មកម្ពុជា។




កម្មវិធីនេះធ្វើឡើងស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការជួយសហគ្រាសអនុវត្តបរិវត្តកម្មឌីជីថល (Digital Transformation) និងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពប្រតិបត្តិការ និងកាត់បន្ថយគម្លាតឌីជីថល។
លោក យ៉ន សុភារិទ្ធ ស្ថាបនិក BKD Academy និង BizKhmer Digital Media បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាការវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបដឹកនាំអាជីវកម្ម។ លោកបញ្ជាក់ថា ភាពយឺតយ៉ាវក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី ទើបជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានអះអាងថា សហគ្រាស MSMEs គឺជាកម្លាំងស្នូលនៃសេដ្ឋកិច្ចកម្ពុជា ហើយការបណ្តុះបណ្តាល និងការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈកម្មវិធីប័ណ្ណជំនួយថវិកា (Grant Voucher) នឹងជួយឱ្យម្ចាស់អាជីវកម្មអាចយកបច្ចេកវិទ្យា AI និងដំណោះស្រាយឌីជីថលទៅអនុវត្តជាក់ស្តែង។






ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការចែករំលែកអំពីការប្រើប្រាស់ AI Tools ដើម្បីជំរុញការលក់ និងបង្កើនផលិតភាព ព្រមទាំងការដាក់បង្ហាញសៀវភៅមគ្គុទ្ទេសក៍អាជីវកម្មចំនួន ៤ ក្បាល ដែលនិពន្ធដោយលោក យ៉ន សុភារិទ្ធ រួមមានសៀវភៅស្តីពីការគ្រប់គ្រងធុរកិច្ចក្នុងយុគបរិវត្តកម្មឌីជីថល និង AI, យុទ្ធសាស្ត្រទីផ្សារក្នុងយុគសម័យ AI (ភាសាខ្មែរ និងភាសាអង់គ្លេស) និងសៀវភៅ Marketing 101។
អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា សៀវភៅទាំងនេះត្រូវបានរៀបចំឡើងដើម្បីជួយម្ចាស់អាជីវកម្មអភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ ស្វែងយល់ពីអតិថិជន និងប្រើប្រាស់ AI ឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនការប្រកួតប្រជែងក្នុងទីផ្សារឌីជីថល។
វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយទទួលបានការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តពីសំណាក់សហគ្រិនក្នុងការយកចំណេះដឹង និងបច្ចេកវិទ្យា AI ទៅអនុវត្ត ដើម្បីពង្រឹងសមត្ថភាព និងជំរុញកំណើនអាជីវកម្មក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល៕




