ភ្នំពេញ៖នៅថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនក្រុមក្មេងទំនើង១០នាក់ដាក់មណ្ឌលយុវនីតិសម្បទា ខេត្តកណ្ដាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់នៅថ្ងៃទី៤ខែកក្កដាថា ៖ កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៦ មានជនសង្ស័យជាក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន១៨នាក់ បានជួប ជុំគ្នាធ្វើដំណើរចេញពីវិទ្យាល័យវត្តភ្នំ គោលបំណងតាមរកជនរងគ្រោះដែលធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នា កន្លងមក។ លុះជិះដល់ចំណុចផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក៏ឃើញជនរងគ្រោះទើបតែចេញពីរៀនកំពុងជិះម៉ូតូតែម្នាក់ឯង ភ្លាមនោះក្រុមជនសង្ស័យយកដាវកែច្នៃចំនួន១ដើម វាយលើជនរងគ្រោះចំក្បាលបណ្ដាលឱ្យបែកក្បាលរងរបួសដេរចំនួន៤ផ្នូរ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យរួមមាន៖ ១.ឈ្មោះ វែង ស័ក្កដា ភេទប្រុស កើតឆ្នាំ២០១១ ២.ឈ្មោះ វិចិត្រ បញ្ញា ភេទប្រុស កើតឆ្នាំ២០១២ ៣.ឈ្មោះ វឿនជា សុជាតិ ភេទប្រុស កើតឆ្នាំ២០១២ ៤.ឈ្មោះ ផាន់ សុផាហ្ស៊ីឌី ភេទប្រុស កើតឆ្នាំ២០១១ ៥.ឈ្មោះ ម៉េង ដារ៉ាវិឆ័យ ភេទប្រុស កើតឆ្នាំ២០១១ ៦.ឈ្មោះ ផុន លាងហេង ភេទប្រុស កើតឆ្នាំ២០១១ ៧.ឈ្មោះ ម៉ិល សុធាស៊ឹង ភេទប្រុស កើតឆ្នាំ២០១១ ៨.ឈ្មោះ ស៊ិន ដូណារាំ ភេទប្រុស កើតឆ្នាំ ២០០៩ ៩.ឈ្មោះ ហេង ហ្វីលីប ភេទប្រុស កើតឆ្នាំ២០១១ និង១០.ឈ្មោះ ម៉ុក ចំរុង ភេទប្រុស កើតឆ្នាំ២០០៨ កសាងសំណុំរឿងបញ្ចូនមកអយ្យការអម សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យចំនួន១០ នាក់ខាងលើ និងបក្ខពួក ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ កថាខណ្ឌទី១ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖ចតុមុខ
