ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពី «ការស៊ើបអង្កេតនិងការបង្ការការឆបោកសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា» ត្រូវបានបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

វគ្គបណ្តុះបណ្តាលដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ មានសិក្ខាកាមចូលរួមចំនួន ៦០នាក់។ កម្មវិធីនេះកើតឡើងក្រោមការសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្ឌិត្យសភានគរបាលកម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកូរ៉េ (KNPA) និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងចំពេលដ៏សមស្របបំផុត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យឱ្យបានម៉ឺងម៉ាត់ និងខិតខំក្រេបជញ្ជក់ចំណេះដឹង បច្ចេកទេសថ្មីៗពីគ្រូឧទ្ទេសជំនាញជនជាតិកូរ៉េ ដើម្បីយកទៅអនុវត្តផ្ទាល់ឱ្យមានប្រសិទ្ធភាពខ្ពស់។

យ៉ាងណាមិញ គណៈអធិបតីបានកោតសរសើរចំពោះការវិវត្តខ្លួនយ៉ាងរហ័សរបស់បណ្ឌិត្យសភានគរបាលកម្ពុជា រហូតមានសមត្ថភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ លើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

សូមជម្រាបថា ក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បាននាំយកថវិកាឧបត្ថម្ភចំនួន ១០​លាន​រៀលរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីគាំទ្រដល់កិច្ចដំណើរការស្ថាប័នផងដែរ៕

Share.