កណ្ដាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការស៊ើបអង្កេត និងបង្ការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» សម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិកូរ៉េ (KNPA) ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលបានគាំទ្រការបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីនគរបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តមបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនេះធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងបើកយុទ្ធនាការយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងបោសសម្អាតបទល្មើស Online Scam ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម និងកិត្តិយសរបស់ប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យសិក្ខាកាមខិតខំសិក្សា គោរពវិន័យ និងប្រើប្រាស់ឱកាសនេះដើម្បីក្រេបយកចំណេះដឹង បច្ចេកទេសថ្មីៗ ព្រមទាំងផ្លាស់ប្តូរបទពិសោធជាមួយអ្នកជំនាញ ដើម្បីពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត ប្រមូល និងវិភាគភស្តុតាងឌីជីថល ក៏ដូចជាការស៊ើបអង្កេតហិរញ្ញវត្ថុ សម្រាប់ការបង្ក្រាបបទល្មើសឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការចូលរួមបណ្តុះបណ្តាលពីគ្រូជំនាញមកពីសាធារណរដ្ឋកូរ៉េ។

Share.