ស្ថានការណ៍សឹកនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងបន្តឡើងកម្តៅយ៉ាងខ្លាំង ស្របពេលដែលការវាយប្រហាររវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមកងកម្លាំងភាគតិចការ៉ែន កាន់តែខ្លាំងឡើងៗ។

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ Amarin TV នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កងទ័ពអាកាសមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះប្រភេទ Y-12 ទម្លាក់គ្រាប់បែកចំនួន ៣៣គ្រាប់ នៅក្បែរព្រំដែនថៃ ដោយវាយប្រហារលើបន្ទាយក្រុមកងកម្លាំងការ៉ែន ស្ថិតក្នុងភូមិ Thicha Lae ស្រុក Myawaddy។ ចំណុចផ្ទុះអាវុធនេះ មានចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីភូមិ Wa Lae Tai ឃុំ Wa Lae នៃស្រុក Phop Phra ខេត្ត Tak ប្រទេសថៃ។ មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ និងរបួសនៅក្នុងការវាយប្រហារនេះ ប៉ុន្តែចំនួនពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ផ្លូវការនៅឡើយទេ។

ក្រៅពីការវាយប្រហារតាមផ្លូវអាកាស ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅលើដីគោក ក៏បានបង្កផលប៉ះពាល់ឆ្លងដែនចូលមកក្នុងទឹកដីថៃ (ខេត្ត Tak) ផងដែរ។ គ្រាប់កាំភ្លើងត្បាល់ បានធ្លាក់ចំភូមិ Huai Maha Wong ក្នុងស្រុក Mae Sot បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋថៃមួយខ្នងត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទី។ ដោយឡែក គ្រាន់កាំភ្លើងយន្ដ បានបាញ់សម្រុកមកចំផ្ទះពលរដ្ឋមួយខ្នងផ្សេងទៀត។ ថ្វីបើពេលនោះមានមនុស្ស ២នាក់នៅក្នុងផ្ទះ ប៉ុន្តែជាសំណាងល្អ មិនមាននរណាម្នាក់រងរបួសឡើយ។

សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលឥទ្ធិពលនៃសង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា បានហៀរសំបូរចូលមកក្នុងទឹកដីថៃ។ ជារឿយៗ ប្រជាពលរដ្ឋថៃដែលរស់នៅតាមបន្ទាត់ព្រំដែន ជាពិសេសនៅក្នុងខេត្ត Mae Hong Son និងខេត្ត Tak តែងតែរងគ្រោះ និងរងការខូចខាតទ្រព្យសម្បត្តិជាបន្តបន្ទាប់ ប៉ុន្តែខាងភាគីថៃ មិនទាន់មានចំណាត់ការតបតណាមួយជាដុំកំភួនទៅវិញនោះទេ៕

